(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដែលបានធ្វើការឡាយផ្ទាល់ ដែលមានខ្លឹមសារថា៖ អាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឡានដឹកបង្កខូចផ្លូវយ៉ាងខ្លាំង។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបនឹងទទួលបាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកផេកឈ្មោះ PKN-hotnews បានធ្វើការឡាយផ្ទាល់ដែលមានខ្លឹមសារថា៖ អាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឡានដឹកបង្កខូចផ្លូវយ៉ាងខ្លាំង។ បងប្អូនប្រជាពលរដ្ឋពិបាកក្នុង ការធ្វើដំណើរ។

សេចក្តីបំភ្លឺព័ត៌មាននោះបន្តថា ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ការឡាយវីដេអូរបស់គណនីហ្វេសបុកផេកឈ្មោះ PKN-hotnews គឺជាការផ្សព្វផ្សាយបំភ្លើសខុសពីការពិតជាក់ស្តែង គ្មានមូលដ្ឋានច្បាស់លាស់ និងជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលរដ្ឋបាលខេត្តសូមបញ្ជាក់ដូចតទៅ៖

*ទី១៖ វីដេអូដែលគណនីហ្វេសបុកផេក PKN-hotnews បានឡាយផ្ទាល់ គឺជាការថតរូបយកកំណាត់ផ្លូវ នៅក្នុងការដ្ឋានអាជីវកម្មខ្សាច់ ដែលជាផ្លូវឯកជនប៉ុណ្ណោះ មិនមែនជាផ្លូវប្រជាពលរដ្ឋប្រើប្រាស់ ដូចការផ្សាយឡើយ ហើយនៅក្នុងវីដេអូនោះ ក៏ពុំឃើញមានលំនៅឋានរបស់ប្រជាពលរដ្ឋនៅតាមកំណាត់ផ្លូវនេះដែរ។

*ទី២៖ ទីតាំងអាជីវកម្មនេះ ជាទីតាំងមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងយ៉ាងហ្មត់ចត់ ពីជំនាញមានសមត្ថកិច្ច មុននឹងដាក់ឱ្យដំណើរការប្រតិបត្តិការធនធានរ៉ែ។

*ទី៣៖ គណនីហ្វេសបុកផេក PKN-hotnews ធ្វើការឡាយផ្ទាល់នេះ គឺជាការបង្កើតឡើង ក្នុងគោលបំណង ស្វែងរកផលប្រយោជន៍តែប៉ុណ្ណោះ ហើយការផ្សាយពិតជាគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការ ស្វែងយល់ទាល់តែសោះ សូម្បីទីតាំងបែជាបរិយាយថា ជាផ្លូវជាតិលេខ៥៥ ហើយឈ្មោះប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត ក៏មិនស្គាល់ឈ្មោះផងដែរ បែរជាយកឈ្មោះអ្នកផ្សេង ដែលមិនមែនជាប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត មកប្រើប្រាស់ទៅវិញ។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធ ចំពោះការផ្សាយដែលមានចរិត មូលបង្កាច់ បង្អួចកិត្តិយស សេចក្តីថ្លៃថ្នូមន្ត្រីរាជការសាធារណៈរបស់ខេត្តពោធិ៍សាត់ ពិសេសលោកអភិបាលខេត្ត ដែលកំពុងមមារញឹក ក្នុងការដឹកនាំបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងខេត្តផង និងខិតខំដោះស្រាយសំណើ សំណូមពរ របស់ប្រជាពលរដ្ឋផង៕