(សៀមរាប)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងមានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង, អគ្គនាយកសេវាច្បាប់ និងបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, អភិបាអភិបាលរងខេត្តសៀមរាប និងលោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម ព្រមទាំងលោក លោកស្រីតំណាងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផងដែរ។

លោក ជឺ ចំណាន បានលើកឡើងថា សន្និបាតនាពេលនេះ ក្នុងគោលបំណងដើម្បីបូកសរុប និងវាយតម្លៃ លើលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការរៀបចំការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតអសកលចំនួន ២ រួមមាន៖

*ទី១៖ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
*ទី២៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ។

លោក ជឺ ចំណាន បានបន្តថា ផ្អែកតាមសមិទ្ធផល និងជោគជ័យនៃការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អស្របតាមបទបញ្ជា និងនីតិវិធី ផែនការមេ និងប្រតិទិនការងារ ហើយដែលលទ្ធផលនៃការបោះឆ្នោតទាំងនេះ ត្រូវបានភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ពិសេសគឺគណបក្សនយោបាយដែលបានចូលរួម ការបោះឆ្នោតបានសាទរ និងវាយតម្លៃថាពិតជាមានតម្លាភាព និងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិតជាមានមោទនភាពក្រៃលែង ហើយសមិទ្ធផលទាំងអស់នេះអាចសម្រេចទៅបានអាស្រ័យលើកត្តាសំខាន់ចំនួន២ រួមមាន៖

*ទី១៖ កត្តាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានការដឹកនាំរៀបចំ ចាត់ចែងបានល្អពីថ្នាក់ដឹកនាំ គ.ជ.ប និងមន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយ បទពិសោធ និងមនសិការវិជ្ជាជីវៈ។
*ទី២៖ កត្តាខាងក្រៅ គឺមានកិច្ចសហការល្អតាមតួនាទី និងភារកិច្ចរបស់ខ្លួនពីគ្រប់ ភាគីពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

លោកក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ថវិកា ដើម្បីផ្សព្វផ្សាយកម្មវិធី ស្វែងយល់អំពីការបោះឆ្នោតតាមវិទ្យុ FM ទាំង២៥រាជធានី ខេត្ត និងអង្គការ JICA ជប៉ុន ដែលបានផ្តល់នូវអ្នកជំនាញការផ្នែកកិច្ចការអប់រំសាធារណជន និងជួយផ្តល់ការយល់ដឹងអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋ។

លោក ជឺ ចំណាន បានបន្តទៀតថា ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំការបោះឆ្នោត អសកលទាំងពីរនេះ សម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងណាក្តី ក៏យើងពិនិត្យ ឃើញថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកដោះស្រាយ ដោយត្រូវស្វែងរកនូវចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានាតាមរយៈអង្គសន្និបាតនេះ។

ជាមួយនេះដែរ លោកក៏បានស្នើសុំ និងលើកទឹកចិត្តដល់លោក លោកស្រី មេត្តាចូលរួមពិភាក្សាឱ្យបានផុលផុស ដោយលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ផ្តល់ជាយោបល់ ឬលើកជាសំណូមពរ ឬអនុសាសន៍ ទៅតាមប្រធានបទនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការបោះឆ្នោតខាងមុខទៀតឱ្យកាន់តែប្រសើរឡើងថែមទៀត៕