(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានរួមគ្នាបើកសិក្ខាសាលាអន្តរជាតិស្តីពី «រាជបណ្ឌិត្យសភាកម្ពុជា និងលទ្ធភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយដៃគូលើវិស័យវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្តិសុខស្បៀង សុខភាពតែមួយសុវត្ថិភាពម្ហូបអាហារ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច (Royal Academy of Cambodia and the Possibility of Research Cooperation/Collaboration with Partners in the Fields of Culture, Science and Technology, Food Security, One Health, Food Safety, Climate Change, and Economy)។

សិក្ខាសាលានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នជំនាញ ព្រមទាំងអ្នកតំណាងស្ថាប័នដៃគូ អង្គការជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ ក្នុងគោលបំណងចម្បង៣គឺ៖

ទី១៖ ផ្សព្វផ្សាយ ចែករំលែកព័ត៌មានដល់អង្គសិក្ខាកាមអ្នកចូលរួម (ដែលជាតំណាងក្រសួង-ស្ថាប័ន អង្គភាពដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលជាន់ខ្ពស់ អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ) ឱ្យកាន់តែស្គាល់ច្បាស់នូវរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។

ទី២៖ ពិនិត្យមើលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យសំខាន់ៗដូចជាវិស័យវប្បធម៌, វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, សន្តិសុខស្បៀង,សុវត្ថិភាពម្ហូបអាហារ, សុខភាពតែមួយ, បម្រែ បម្រួលអាកាសធាតុ, និងសេដ្ឋកិច្ច។

ទី៣៖ ស្វែងរកការចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការស្រាវជ្រាវ ដើម្បីប្រែក្លាយរាជបណ្ឌិត្យសភាកម្ពុជា ជា (សិនធ័រ អស អិចសែឡិន) “Center of Excellent” សម្រាប់បណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតខ្ពស់។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រមូលផ្ដុំអ្នកស្រាវជ្រាវរបស់ជាតិ មានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវ ជ្រាវវិទ្យាសាស្ត្រ ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាល និងសង្គមជាតិ ព្រមទាំងដើរតួនាទីក្នុងការបណ្ដុះបណ្ដាលប្រយោជន៍បានរួមចំណែកកសាងធនធានមនុស្ស ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា «មកទល់នឹងសតវត្សរ៍ទី២១នេះ ពិភពលោក គឺជាភូមិដ៏អ៊ូអរមួយ មានអ្នករស់នៅចម្រុះជាតិសាសន៍ របៀបរបបរស់នៅ ជំនឿ វប្បធម៌ សាសនាដោយឡែកពីគ្នា។ យើងរស់នៅលើពិភពលោក ទោះបីជាយើងមានភាសា ពណ៌សម្បុរ និងវប្បធម៌ខុសគ្នាក៏ពិតមែន តែយើងមានធាតុរួមគ្នាជាច្រើន យើងត្រូវការ ខ្យល់បរិសុទ្ធដូចគ្នា ទទួលទានទឹកដូចគ្នា ត្រូវការសេចក្តីស្រឡាញ់ និងស្នាមញញឹមដូចគ្នា។ យើងមាន ឆន្ទៈដូចគ្នា ធ្វើការដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិនៅលើផែនដីនេះ។ ទាំងអស់នេះហើយ ដែលយើងចាំបាច់ត្រូវកៀកស្មាគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នា ដោយឈរលើស្មារតីមនុស្សជាតិដូចគ្នា»