(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ជាមួយនឹងការដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណ: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត លោកបានដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំផ្អាវ ឃុំអូរស្វាយនិងឃុំត្រពាំងប្រាសាទ បង្ក្រាបនូវករណីជួញដូរ ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់១ករណី ស្ថិតនៅក្នុងភូមិថ្នល់កែង(ហៅ១០៥)ឃុំផ្អាវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

លោកអធិការស្រុកថ្លែងទៀតថា ជាមួយប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចបានដកហូតសម្ភារ:ដែលជាវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)ចំនួន០៦កញ្ជប់ ក្នុងធំ០១កញ្ជប់ និងតូច ចំនួន០៥កញ្ជប់ ទូរសព្ទ័ដៃចំនួន០៥គ្រឿង សម្ភារៈវេចខ្ចប់គ្រឿងញៀន និងមានដបកែវ និងទុយោជ័រ ដែលជាឧបករណ៍បម្រើឲ្យការប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថិកច្ចជំនាញកំពុងធ្វើការសាកសួរ ដើម្បីបំពេញនីតិវិធីកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕