(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមអបអរសាទរ​ខួប​លេីកទី​១៧​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ២១មិថុនា​ ឆ្នាំ​២០២៤​ និងបញ្ចុះ​បឋម​សិលាកសាងអគារស្នាក់ការ​ថ្មី សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ​។

ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និងជាប្រធាន​កិត្តិយស​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងលោក​ លោក​ស្រី​ ជាប្រធាន អនុប្រធាន​សមាគម​ ខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងសមាជិកសមាគមជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងថា បច្ចុប្បន្ននេះអតីតយុទ្ធជននៅខេត្តព្រះវិហារ មានចំនួន ២,៦៧៨នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមចំនួន ២,១៨១នាក់ ដោយមានជនពិការចំនួន៧៩១នាក់ និវត្តជនចំនួន ១,០៥៣នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៥៥នាក់ គ្រួសារជនពលីចំនួន ២៣៩នាក់ គ្រួសារជនមរណចំនួន៥៣នាក់ និងបានសាងសង់ផ្ទះជូនសមាជិកសមាគម ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ បានចំនួន ១០៥ខ្នង។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដំណើរការទៅបានអាស្រ័យដោយមានគោលការណ៍ដឹកនាំ ណែនាំ ចង្អុលបង្ហាញ ដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយកិត្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគម និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍កិត្តិសង្គហណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ និងមានការដឹកនាំផ្ទាល់ពីលោក គីម រិទ្ធី ប្រធានកិត្តិយស ទាំងស្មារតី សម្ភារៈ និងបានសហការយ៉ាងល្អពីគណៈកម្មាធិការសមគមអតីតយុទ្ធជនខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ សម្រេចបានលទ្ធផលគួរជាទីមោទៈនៈ។

នៅក្នុងឱកាសដ៏សប្បាយរីករាយ អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ក៏ដូចជាការសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារថ្មី ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានសមាគមអតីតយុទ្ធជកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូនថ្នាក់ដឹកនាំ សមជិក សមាជិកាសមាគំអតីតយុទ្ធជកម្ពុជា ទូទាំងខេត្តព្រះវិហារ។

ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ។ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកមិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនអតីតយុទ្ធជនយើងលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេត្វការពារជាតិមាតុភូមិរហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងនៅតាមក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

ជាមួយនឹងការអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តព្រះវិហារ បាននាំយកអំ​ណោយដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជូនដល់​សមាជិក​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ ចំនួន២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ អង្ករចំនួន០១បេ, មី ០១កេស​, ត្រីខ ០១យួរ​, ទឹកត្រី០១យួរ​, កន្សែង​ ០១ និងថវិកាចំនួន៤០,០០០រៀល៕