(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ជម្រុញឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្តក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការថែទាំសុខភាពបឋម ដល់ប្រជាពលរដ្ឋ ឲ្យទទួលបានជោគជ័យ ដើម្បីសង្គមជាតិរបស់យើងទាំងមូល។

លោកអភិបាលខេត្ត បានជំរុញដូច្នេះ នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំតម្រង់ទិស ដល់ក្រុមការងារការអនុវត្ត ក្របខណ្ឌអនុវត្តការជំរុញបង្កើន ការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាយើង គឺផ្តោតការយចិត្តទុកដាក់លើការថែទាំសុខភាពបឋម បានជួយឲ្យប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលសុខាភិបានយ៉ាងច្រើននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

ការថែទាំសុខភាពបឋម រួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងកាត់បន្ថយជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងជាដើម ហើយអាយុរំពឹងរស់របស់ប្រជាជនបានកើនឡើងដល់ ៧៥,៥ឆ្នាំ នាពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវជំរុញ និងបង្កើនការងារថែទាំសុខភាពបឋមបន្ថែមទៀត ដោយសារយើងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីៗ ដូចជាសន្ទុះកើនឡើងនៃជំងឺមិនឆ្លង ក្នុងនោះមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម បញ្ហាសុខភាពផ្លូវចិត្ត កំណើនតម្រូវការសុខភាពមនុស្សចាស់ និងជំងឺឆ្លងដែលអាចនឹងរាតត្បាតខ្លាំងនៅពេលណាមួយ។

លោកអភិបាលខេត្តបន្តថា នៅក្នុងដំណាក់កាលដំបូង នៃការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកខេត្តចំនួនពីរគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយសារខេត្តទាំងពីរនេះ មានសក្តានុពល ដើម្បីធ្វើឲ្យការអនុវត្តទទួលបានជោគជ័យ។ ក្រុមការងារថ្នាក់ជាតិបានបណ្ដុះបណ្ដាល ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្តរបស់យើងរួចមកហើយ នៅក្នុងនោះមានរដ្ឋបាលខេត្តចំនួន ៥រូប និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន៥រូប។ ពួកគេទាំង ១០រូបនេះគឺជាក្រុមការងារដឹកនាំ និងទទួលខុសត្រូវផ្ទាល់ក្នុងការអនុវត្ត ក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានយកឱកាសនោះ អំពាវនាវដល់ក្រុមការងារថែទាំសុខភាពបឋម និងមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្តក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការថែទាំសុខភាពបឋម នេះ ឲ្យទទួលបានជោគជ័យ ដើម្បីសង្គមជាតិរបស់យើងទាំងមូល ៕