(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសបើកចំហរគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ហើយការស្រាវជ្រាវអ្វីដែលថ្មី មានតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិ ការស្រាវជ្រាវច្បាស់លាស់ វានឹងធ្វើឱ្យការអនុវត្តជោគជ័យ។

ការប្រកាសបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបណ្ឌិតបានអញ្ជើញបិទសិក្ខាសាលាអន្តរជាតិស្តីពី «រាជបណ្ឌិត្យសភាកម្ពុជា និងលទ្ធភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយដៃគូលើវិស័យវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្តិសុខស្បៀង សុខភាពតែមួយសុវត្ថិភាពម្ហូបអាហារ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច បានលើកឡើងថា សម្រាប់បណ្តាប្រទេសជឿនលឿនមុននឹងធ្វើអ្វីមួយ គឺត្រូវការសិក្សាស្រាវជ្រាវឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ជាមុនសិន។ ដូច្នេះមានន័យថាកាលណាស្រាវជ្រាវច្បាស់លាស់លើអ្វីមួយនោះ វិបត្តិនឹងកើតឡើងតិចតួចបំផុត។

បន្ថែមលើការប្រកាសឱ្យដៃគូពាក់ព័ន្ធចូលរួមសិក្សាស្រាវជ្រាវជាមួយរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរួចហើយត្រូវរុញឱ្យស្ថាប័នពាក់ព័ន្ធនានា។ ចំណុចនេះ គឺត្រូវការអ្នកសម្រេចចិត្តចំពោះការ ស្រាវជ្រាវនេះ ក្នុងន័យេះបើគ្មានអ្នកសម្រេចចិត្តស្ថាប័នសិក្សាស្រាវជ្រាវទាំងអស់ក៏គ្មានន័យដែរ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ឆន្ទៈនយោបាយដើរតួនាទីសំខាន់ខ្លាំងណាស់លើការសម្រេចចិត្តឱ្យសមិទ្ធផលសិក្សាស្រាវជ្រាវនេះមកអនុវត្តន៍ សម្រាប់ជាប្រយោជន៍រួមប្រទេសកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា៖ «ដូចខ្ញុំនិយាយអ៊ឹចឹង បើរកឃើញហើយគ្មានអំណាចមកធ្វើការសម្រេចចិត្ត ក៏ទៅអត់រួចដែរ។ មានគេចោទជាសំណួរថាតើរាជបណ្ឌិត្យសភា បើកចំហរទេ បើកចំហរគ្រប់ដៃគូ ប៉ុន្តែ សូមចូលរួមទាំងអស់គ្នា គ្មាស្អីដែលរាជបណ្ឌិត្យសភាកម្ពុជា ធ្វើមិនបាននោះទេ»

ពីលើការសិក្សាស្រាវជ្រាវរកឃើញអ្វីដែលថ្មីនេះ លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីសមិទ្ធផលថ្មីនៃការស្រាវជ្រាវនេះ គឺមានសំខាន់ខ្លាំងណាស់ ខណៈការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ហើយបើគ្មានការអប់រំកុំនិយាយការរីកចម្រើន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា គោលបំណងចម្បង៣គឺ៖

ទី១៖ ផ្សព្វផ្សាយ ចែករំលែកព័ត៌មានដល់អង្គសិក្ខាកាមអ្នកចូលរួម (ដែលជាតំណាងក្រសួង-ស្ថាប័ន អង្គភាពដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលជាន់ខ្ពស់ អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ) ឱ្យកាន់តែស្គាល់ច្បាស់នូវរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។

ទី២៖ ពិនិត្យមើលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យសំខាន់ៗដូចជាវិស័យវប្បធម៌, វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, សន្តិសុខស្បៀង,សុវត្ថិភាពម្ហូបអាហារ, សុខភាពតែមួយ, បម្រែ បម្រួលអាកាសធាតុ, និងសេដ្ឋកិច្ច។

ទី៣៖ ស្វែងរកការចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការស្រាវជ្រាវ ដើម្បីប្រែក្លាយរាជបណ្ឌិត្យសភាកម្ពុជា ជា (សិនធ័រ អស អិចសែឡិន) “Center of Excellent” សម្រាប់បណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតខ្ពស់។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រមូលផ្ដុំអ្នកស្រាវជ្រាវរបស់ជាតិ មានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវ ជ្រាវវិទ្យាសាស្ត្រ ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាល និងសង្គមជាតិ ព្រមទាំងដើរតួនាទីក្នុងការបណ្ដុះបណ្ដាលប្រយោជន៍បានរួមចំណែកកសាងធនធានមនុស្ស ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ៕