(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានបន្តជំរុញឲ្យមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះការពង្រឹងឲ្យមានប្រសិទ្ធភាពទៅលើការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រៅពីការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ទាំងសន្តិសុខ និងសុវត្ដិភាព ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ។

លោក ជិន ប៊ុនធឿន បានជម្រុញយ៉ាងដូច្នេះ ក្នុងពេលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីអធិការនគរបាលខណ្ឌ, មេបញ្ជាការអាវុធហត្ថខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១, ចៅសង្កាត់ទាំង៧, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីសរុបចំនួន៣៨នាក់ ស្ថិតនៅសាលប្រជុំ (B) សាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ បានលើកឡើង និងសង្កត់ធ្ងន់ថា សម្រាប់ការងារចាំបាច់ ដែលត្រូវយកចិត្តទុកដាក់អនុវត្ត គឺការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ទាំងការរក្សាសន្តិសុខ និងសុវត្ដិភាព ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ ក្រៅពីខិតខំពង្រឹងឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕