(សៀមរាប)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មីទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការបោះជំហានទៅមុខដ៏រឹងមាំ គ្មានអ្វីអាចមកបន្ទច់បង្អាក់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាបានឡើយ។

ការលើកឡើងបែបនេះរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅក្នុងឱកាសដែលលោក រួមជាមួយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។

នាឱកាសនោះដែរ អភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងអ្នកបោះឆ្នោតទាំងអស់ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់ការបោះឆ្នោត នៅគ្រប់ដំណាក់កាលក្នុងដំណើរការបោះឆ្នោតទាំងមូល ប្រកបដោយស្មារតីទទួលខុសត្រូវ និងការផ្តល់កិច្ចសហការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យការបោះឆ្នោតទាំងពីរនេះ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយលទ្ធផលនៃការបោះឆ្នោតនេះ ក៏ត្រូវបានគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទទួលស្គាល់ផងដែរ។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្រេចបានជោគជ័យ មានភាពរលូនល្អ ព្រមទាំងបង្ហាញឱ្យឃើញនូវភាពល្អប្រសើរថែមមួយកម្រិតទៀត ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ព្រោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញនូវសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រដល់ដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិសុខ របៀបរៀបរយល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង។

ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ជោគជ័យដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណែកដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច៕