(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ដំណើរការ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា»។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ក្នុងកម្មវិធីនេះ ដោយមានការចូលរួមជាអធិបតី ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) ទទួលបន្ទុកការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃ ក.ប.ទ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាល សហគ្រាសឯកជន និងដៃគូអភិវឌ្ឍន៍នានា គណៈអភិបាលស្រុកបាទី តំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងអប់រំ យុវជន និងកីឡា ខេត្តតាកែវ សមាជិក-សមាជិកាក្រុមប្រឹក្សាទាំង ១៥ឃុំ នៃស្រុកបាទី នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ ១៨០០ នាក់។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា អាចលេចរូបរាងឡើងបាននាពេលនេះ គឺជាលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន តាមរយៈមូលនិធិ ស.អ. របស់ ក.ប.ទ. និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាត ឌីជីថលក្នុងសហគមន៍។

ថ្លែងក្នុងឱកាសនេះ លោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជូនថា ម.ប.ស. នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖

(១)៖ ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀន តាមប្រព័ន្ធបង្រៀនពីចម្ងាយ
(២)៖ ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅផ្សេងៗ
(៣)៖ ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗ ដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍
និង (៤)៖ ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែង របស់ប្រជាជននៅតាមសហគមន៍នីមួយៗ។

លោក សាន វឌ្ឍនា បានគូសបញ្ជាក់ពីសារសំខាន់ ក្នុងនាមជាដៃគូសហប្រតិបត្តិការលើបេសកកម្មប្រទាក់ក្រឡាគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអាចសម្រេច បានគោលដៅរួមនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ ឲ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងមានអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស។

បន្ថែមពីលើនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានសាទរចំពោះសមិទ្ធផលថ្មីគួរជាទីមោទនៈ នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា-ជប៉ុន និងការគាំទ្រដល់របស់ជប៉ុន ចំពោះដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា តាមរយៈគម្រោងបដិភាគហិរញ្ញប្បទានរបស់មូលនិធិ ស.អ. នៃ ក.ប.ទ. និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

លោក ជា វ៉ាន់ដេត បានថ្លែងថា តម្រូវការចាំបាច់ ក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ គឺសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយ ក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មឌីជីថល បម្រើដល់ការអប់រំ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំ ឲ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងអំណោយផល ដល់ការធ្វើបរិវត្តកម្មឌីជីថល លើគ្រប់វិស័យទូទាំងប្រទេស។

លោក ជា វ៉ាន់ដេត មានសង្ឃឹមជឿជាក់ ប្រកបដោយសុទិដ្ឋិនិយមថា នៅពេលដំណើរការបានពេញលេញ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងក្លាយជាសមិទ្ធផលថ្មីមួយ ដ៏មានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ ការអប់រំឌីជីថលប្រកបដោយស្មារតីបុរេសកម្ម និងគំនិតបើកទូលាយ ក្នុងការបំពេញបេសកកម្ម លើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែក ដល់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ចំពោះគោលដៅយុទ្ធសាស្ត្រដែលកំណត់ ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា គឺជាសមិទ្ធផលដែលសម្រេចបានដំបូងគេបង្អស់ ក្នុងចំណោមគម្រោងនៃការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ក្នុងប្រទេសកម្ពុជា ដែលផ្ដើមចេញពីខេត្តតាកែវ ជាគម្រោងក្នុងដំណាក់កាលទី១ ហើយក្រុមការងារទទួលបន្ទុក គ្រោងនឹងចុះសិក្សាកំណត់យកទីតាំងអាទិភាព ជាបន្ដបន្ទាប់ដើម្បីសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ក្នុងខេត្តផ្សេងៗបន្ថែមទៀត នាពេលខាងមុខ៕