(កណ្ដាល)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប រួមជាមួយថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានប្រមាណ៧៨%ហើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចុះទស្សនកិច្ចរួចមក, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ បានកត់សម្គាល់ឃើញថា ការសាងសង់នេះ មានលក្ខណៈប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក។

បើតាមការបញ្ជាក់របស់លោក ឆារស៍ វ៉ាន់, គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ ៧៨% ខណៈព្រលានយន្តហោះថ្មីមួយនេះ គ្រោងនឹងដាក់ឲ្យដំណើរការ នៅឆមាសទី១ ដើមឆ្នាំ២០២៥ ខាងមុខនេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងបន្តរបស់កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ឥឡូវនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ខណៈដែលការវិនិយោគ ដែលនៅសល់ចំនួន៣០០លានដុល្លារ នឹងត្រូវចំណាយលើការងារ MEP, ICT និង ID ការដំឡើងប្រព័ន្ធអាកាសយានដ្ឋានពិសេស រួមទាំងប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងឥវ៉ាន់ ការងារអាកាសយានដ្ឋាន រួមទាំងផ្លូវក្រាលកៅស៊ូ ភ្លើងអាកាសយានដ្ឋាន។

ការសាងសង់ទំនប់វារីអគ្គិសនី ហ៊ុមព័ទ្ធ និងស្ថានីយ៍បូមទឹក ការធ្វើតេស្ត និងការដាក់ឲ្យប្រើប្រាស់ និង ORAT។ នេះជាការបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

បច្ចុប្បន្នមានបុគ្គលិក និងកម្មករ ចំនួន១៦,០០០នាក់ កំពុងធ្វើការនៅក្នុងគម្រោងនេះ ហើយការស្ថាបនា បច្ចុប្បន្នសម្រេចបាន៧៨% ជាមួយនឹងការវិនិយោគសរុប រហូតដល់១,១៣៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ប្រមាណ៣៤០លានដុល្លារ តាមរយៈការទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕