(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបពិភាក្សានេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជំនួបពិភាក្សាការងារនេះ ដោយផ្តោតលើការងារអាទិភាពសំខាន់ៗ ដែលក្រសួងទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនៃជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រី នៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានខ្លឹមសារផ្តោតលើកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថល។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធ បច្ចេកវិទ្យារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ៕