(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ នាថ្ងៃទី២៤  ខែមិថុនា ឆ្នាំ២០២៤នេះ បានដេញចាប់មុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំមួយករណី ចាប់ពីចំណុចទីរួមខេត្តពោធិ៍សាត់ រហូតដល់ស្រុកបាកាន ហើយត្រូវបានជនសង្ស័យភ័យស្លន់ស្លោរ បានបើករថយន្តបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់២ករណីបន្ថែមទៀត។

ប្រភពពីកម្លាំងនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ករណីជួញដូរគ្រឿងញៀននោះ មានឈ្មោះ ប៉ុក សារិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

ប្រភពបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដេញតាមចាប់មុខសញ្ញាជូញដូរគ្រឿងញៀនដ៏ធំនេះ ដែលកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ស្រុកបាកាន។ ក្នុងប្រតិបត្តិការខាងលើ ជនសង្ស័យបានភ័យស្លន់ស្លោរ និងបានបើករថយន្ត ទៅគៀរនឹងម៉ូតូ០១គ្រឿង ម៉ាកHonda Dream សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់ 1M-6051 បើកបរដោយឈ្មោះ សូ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យម៉ូតូដួល បែកក្បាលខាងមុខ ម្ចាស់រងរបួសស្រាល។

ប្រភពបានបន្ថែមថា ភ្លាមៗនោះជនសង្ស័យ បានបត់រថយន្តត្រឡប់មកក្រោយវិញ មកដល់ត្រង់មុខសាលាឃុំស្នាមព្រះ ស្ថិតក្នុងភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន រួចបានបុករថយន្ត០១គ្រឿងទៀត ម៉ាកToyota Camery ពណ៌ទឹកមាស ផ្លាកលេខ បាត់ដំបង 2A-8352 បើកបរដោយឈ្មោះ ជួន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បណ្តាលឱ្យរងការខូចខាតគូទខាងក្រោយរថយន្ត ហើយក៏ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្នាមព្រះ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ រថយន្ត Luxis RX300 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-1530
ទូរស័ព្ទចំនួន០២គ្រឿង កុំព្យូទ័រ(ខូច)០១ ដែកកេះ០១ កាបូបដៃ០១ លុយខ្មែរ៥០,០០០រៀល លុយដុល្លារ១០ដុល្លារ សៀវភៅកត់ត្រាទិញ-លក់គ្រឿងញៀន ០១ក្បាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កំពុងបំពេញនីតិវិធីចាត់ការបន្ត៕