(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ «ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព» ដែលនឹងប្រព្រឹត្តទៅនាទីក្រុង St. Petersburg ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ដំណើរនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម Valery D.Zorkin ប្រធានតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទអន្តរជាតិខាងលើនេះ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន នឹងថ្លែងបទអន្តរាគមន៍ពិសេសចែករំលែកអំពីសមត្ថកិច្ចនិង ពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើកកម្ពស់និងការការពារសិទ្ធិ និងសេរីភាពររបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្នុងនោះផងដែរ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន ក៏នឹងលើកឡើងនូវករណីមួយចំនួនដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានដោះស្រាយមានជាអាទិ៍៖

* (១)៖ ការការពារពលរដ្ឋខ្មែរពីការចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅ
* (២)៖ ការការពារនិងលើកស្ទួយសមភាពយេនឌ័រ
* (៣)៖ ការការពារសិទ្ធិរស់រានមានជីវិត ដែលសុទ្ធតែជាការចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនផងដែរថា សន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាវេទិកាមួយដ៏មានសារសំខាន់ ក្នុងការជំរុញឱ្យមាននូវកិច្ចពិភាក្សាចម្រុះទាក់ទងនឹង រដ្ឋធម្មនុញ្ញ ជាពិសេសយន្តការនៃការការពារសិទ្ធិ និងសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញជាធរមានរបស់ប្រទេសនីមួយៗ ហើយសន្និសីទអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមិថុនា នាទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី៕