(ភ្នំពេញ)៖ កម្ពុជា-ចិន បានបង្កើតជាផ្លូវការនូវ «សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ការដាំដុះ ការកែច្នៃ និងការនាំចេញផលិតផលដំឡូងមី ប្រកបដោយគុណភាពខ្ពស់។ ពិធីសម្ពោធសមាគមនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃខ្សែសង្វាក់ឧស្សាហកម្ម ដំឡូងមីកម្ពុជាទាំងមូល។ ការភ្ជាប់សហគ្រាសចិន និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ទៅនឹងការអភិវឌ្ឍរួមបញ្ចូលគ្នាដ៏ស៊ីជម្រៅនៃឧស្សាហកម្ម ដំឡូងមីរបស់កម្ពុជា។

លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានបន្ដថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ប្រៀបដូចជាស្ពានមួយដែលតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវិស័យដំឡូងមី។ ជាមួយគ្នានេះ លោកថា ភាគីចិនក៏នឹងជួយកសិករកម្ពុជាអំពីបច្ចេកទេសផលិត និងដាំដុះ រួមទាំងសម្ភារៈផ្សេងៗ ដើម្បីជួយប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន នឹងជួយការងារបច្ចេកទេស ដើម្បីជួយជំរុញយុត្ដិសាស្រ្ដទីមួយដែលអាចផលិតឱ្យបានច្រើន ព្រោះភាគីចិនអាចនឹងមានរោងចក្រ មានវត្ថុធាតុដើម ឬមានបច្ចេកទេស​ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យទិន្នផលកើនឡើង ដែលធ្វើឱ្យប្រជាកសិករចំណេញ ហើយអាចទាក់ទាញអ្នកវិនិយោគមកដើម្បីកែច្នៃដំឡូវមីនៅកម្ពុជា បង្កើនតម្លៃបន្ថែម ក៏ដូចជា ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានកិច្ចការធ្វើបន្ថែមទៀត។

ប្រទេសចិន គឺជាអ្នកប្រើប្រាស់ដំឡូងមីកែច្នៃច្រើនជាងគេលើពិភពលោក ជាមួយនឹងការនាំចូលប្រចាំឆ្នាំលើសពី ១០លានតោន (ស្ងួត) និងកើនឡើងឥតឈប់ឈរ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២០លានតោន (ស្ងួត) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ឈរលើមូលដ្ឋាននេះ វាពិតជាមានភាពសារៈសំខាន់ និងចាំបាច់ណាស់ដែលត្រូវកែលម្អ កម្រិតនៃការដាំដុះ ដំឡូងមីរបស់កសិករខ្មែរ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកែច្នៃដំឡូងមី និងបើកទូលាយនូវបណ្តាញច្រកពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា-ចិន។

ដំឡូងមី គឺជាដំណាំដែលដើរតួដ៏សំខាន់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដំឡូងមីក៏ជាដំណាំដែលមានសក្តានុពលសំខាន់ទី២ បន្ទាប់ពីស្រូវ ដែលមានផ្ទៃដីដាំដុះជាង១លានហិចតា និងបានផ្តល់ទិន្នផលប្រចាំឆ្នាំលើសពី២០លានតោន។ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី បានផ្តល់ការងារ និងគាំទ្រដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់។ នេះបើតាម អ្នកនាង សុន កែវរស្មី អនុប្រធានសមាគមសម្ព័ន្ធដំឡូងមី។

អ្នកនាង បានបន្តថា ទោះជាយ៉ាងនេះក្តី ការដាំដុះរបស់កសិករភាគច្រើននៅតែធ្វើតាមទម្លាប់ និងតាមគ្នាពីតំបន់មួយទៅតំបន់មួយទៀត ដូច្នេះហើយការដាំដុះរបស់កសិករ ត្រូវមានការកែប្រែមកអនុវត្តតាមបែបបច្ចេកទេសវិញ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់។

ទន្ទឹមនឹងនេះកសិផលដំឡូងមីជាង ៩៥ភាគរយនៃដំឡូងមី ស្រស់ និង ស្ងួត ត្រូវបាននាំចេញ រឺលក់ ទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលត្រូវបានលក់បន្តទៅទីផ្សារប្រទេសចិន ហើយសកម្មភាពពាណិជ្ជកម្មនិងឧស្សាហកម្មកែច្នៃដំឡូងមីក្នុងស្រុកនៅមានកម្រិត។ កម្ពុជានិងចិន ជាមិត្តដែកថែបដែលមិនអាចកាត់ថ្លៃបាន។ មេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នា លើការបង្កើត សហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កសាងនូវ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងអង្គរ-ត្រី»រួមគ្នា។

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក៏នឹងផ្តល់វេទិកាសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសចិន និងកម្ពុជា ជំរុញការផ្លាស់ប្តូរព័ត៌មាននៅក្នុងខ្សែសង្វាក់ ឧស្សាហកម្មដំឡូងមី និងលើកកម្ពស់ការចែករំលែកបច្ចេកវិទ្យា និងធនធានផងដែរ។ សមាគមស្វាគមន៍ក្រុមហ៊ុនដែលពាក់ព័ន្ធមកបណ្តាក់ទុននៅកម្ពុជា នាំមកនូវបច្ចេកវិទ្យាដាំដុះថ្មីៗ និងឧបករណ៍សម្ភារៈបម្រើដល់ការផលិត រួមគ្នាលើកកម្ពស់គុណភាព ទិន្នផល និងតម្លៃទីផ្សារ ដំឡូងមី ព្រមទាំងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងដោយផ្អែកលើការជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក៕