(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់តម្លៃជាខ្លាំងចំពោះការអប់រំបណ្ដុះបណ្ដាលប្រកបដោយនវានុវត្តន៍ តួយ៉ាងដូចជាករណីធនធានមនុស្សកម្ពុជា នៅពេលទទួលបានការបណ្ដុះបណ្ដាលពីភាគីបរទេសហើយ គឺត្រូវរៀនដើម្បីរស់ដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពដោយខ្លួនឯង។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

សម្ដេចធិបតីបានរំលឹកពីការជួយបណ្ដុះបណ្ដាលពីការបង្កើតបណ្ដាញ Network ពីសំណាក់ភាគីសាធារណរដ្ឋកូរ៉េ ជូនដល់ក្រុមប្រទេស CLMV ក្នុងនោះមានកម្ពុជាផងដែរ។ សម្ដេចបានបន្តថា «នៅពេលយើងទទួលបានការបណ្ដុះបណ្ដាលពីគេហើយ គឺត្រូវចេះយកមកពង្រីកខ្លួនឯង យើងមិនអាចពឹងគេរហូតនោះទេ យើងរៀនដើម្បីរស់ខ្លួនឯង»។

សម្ដេចធិបតីបានបន្តទៀតថា នៅពេលដែលយើងគ្មាន យើងរៀនសូត្រពីគេ តួយ៉ាងដូចជាការបណ្ដុះបណ្ដាលបច្ចេកវិទ្យា​ គឺមិនយើងមិនទាន់មានកម្មវិធីបណ្ដុះបណ្ដាលគ្រប់កន្លែងនៅឡើយទេ ប៉ុន្តែយើងអាចយកមេរៀន ធនធានគ្រូ ឯកសារ ឬទិន្នន័យមួយចំនួន មកចែករំលែកក្នុងការបណ្ដុះបណ្ដាលឱ្យបានច្រើន នេះគឺជាមធ្យោបាយប្រកបដោយនវានុវត្តន៍ ដែលធានាកាត់បន្ថយនូវគុណភាពសិក្សាទូទាំងប្រទេសបានលឿន។

គួរជម្រាបថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺមានបេសកកម្មលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យស្របតាមការរីកចម្រើនបច្ចេកវិទ្យា ដែលក្នុងនោះក៏មានការពង្រឹងគុណភាពការបណ្ដុះបណ្ដាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធាន ហេដ្ឋារចនាសម្ពន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាជាសមាជិក។ គិតចាប់ពីឆ្នាំ២០២២ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន១២បានចូលជាសមាជិក៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាស៊ីមកំចាយមារ សាកលវិទ្យាល័យក្រចេះ វិទ្យាស្ថានគរុកោសល្យបាត់ដំបង សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាកលវិទ្យាល័យអង្គរ៕