(ភ្នំពេញ)៖ «ក្មេងទំនើង» គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុក ម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាច និងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឱ្យបាត់បង់អាយុជីវិត ថែមទាំងបំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បំផ្លាញទ្រព្យសម្បត្តិអ្នកទៃ បំផ្លាញទ្រព្យ​សម្បត្តិរដ្ឋ ប៉ះពាល់ដល់ធនធានមនុស្សក្នុងសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

ដើម្បីចូលរួមបង្កាទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើងទាំងនេះ, លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក​ នាយករង​ លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើងក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ។

ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានអំពាវនាវដល់អាណាព្យាបាល ដែលធ្លាប់តែបណ្តោយឱ្យកូនក្លាយជាទំនើង បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ទាំងអស់ សូមចូលរួមងាកមកយកចិត្តទុកដាក់អប់រំកូន ផ្តល់គំរូល្អៗ ដល់កូន និងគ្រប់គ្រង ថែទាំ តាមដានកូនឱ្យបានហ្មត់ចត់បំផុត ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើឡើងដោយមិនមានការលើកលែងដាច់ខាត ចំពោះមុខញ្ញាដូចខាងក្រោម៖

*ទី១៖ ក្រុមក្មេងដែលធ្លាប់ចូលជាសមាជិកក្រុមទំនើងនិងធ្លាប់ធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នាកន្លងមក។
*ទី២៖ ក្រុមក្មេងដែលប្រើអំពើហិង្សា វាយតប់ កាប់ចាក់គ្នាជាក់ស្តែងក្នុងសាលារៀន ទីសាធារណៈ និងតាមដងផ្លូវ។
*ទី៣៖ ក្រុមក្មេងដែលបង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងម៉ូតូជិះរោទិ៍លឺសូរខ្លាំង ស្រែកហ៊ោកញ្ច្រៀវ ប្រដេញគ្នាតាមផ្លូវ ដែលផ្ដល់ការភ័យខ្លាច និងរំខានដល់អ្នកដទៃតាមទីសាធារណៈ។
*ទី៤៖ ក្រុមក្មេងដែលបំផ្លាញទ្រព្យរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ ដូចជា៖ គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ វាយបំផ្លាញអំពូលភ្លើងសាធារណៈ វាយបំផ្លាញប៉ាណូសាធារណៈ។
*ទី៥៖ ក្រុមក្មេងដែល ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី ជក់វ៉ែប ចាក់ធុងបាស់ ឡូឡាអនាធិបតេយ្យ នៅតាមទីសាធារណៈពេលអាធ្រាត។
*ទី៦៖ ក្រុមសិស្សសាលាដែលនៅក្នុងម៉ោងរៀន ទៅប្រមូលផ្តុំគ្នាផឹកស្រា ជក់បារី ជក់វ៉ែប តាមរមណីយដ្ឋាន តាមចំការ តាមកញ្ចុះ តាមផ្ទះសំណាក់តាមខារ៉ាអូខេ ដោយគេចម៉ោងរៀន។ 

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយដូចខាងលើ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕