(បន្ទាយមានជ័យ)៖ លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយទទួលបានការគាំទ្រពីគម្រោង បោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4 និងមានកិច្ចសហការរវាងអាជ្ញាធរមីន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនដល់មន្ត្រីនគរបាលខេត្ត។

លោក ទេព កល្យាណ នៅក្នុងការយកចិត្តទុកដាក់ នៃការបើកវគ្គបណ្តុះបណ្តាលនេះ បានបញ្ចាក់ថា គឺធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងស្គាល់ច្បាស់អំពីប្រភេទមីន/គ្រាប់ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា សម្រាប់ឥទ្ធិពលបង្កគ្រោះថ្នាក់ ព្រមទាំងយល់ដឹងអំពីវិធីបង្ការគ្រោះថ្នាក់ក្នុងពេលចុះបំពេញការងារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លើសពីនេះលោក ទេព កល្យាណ ក៏បានស្នើមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលជាសិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់រៀនសូត្រ ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់វាគ្មិន និងបើមានចំងល់ត្រូវហ៊ានសួរ ដើម្បីយកចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលមួយនេះ ទៅអប់រំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួនអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា និងក្នុងនាមនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានឆ្លៀតឱកាស ពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខចំពោះសិក្ខាកាមគ្រប់ៗរូប លើការថែទាំសុខភាពឲ្យបានល្អប្រសើរ និងត្រូវគោរពវិន័យកងកម្លាំង ហើយសំខាន់ការខិតខំយកចិត្តទុកដាក់ស្វែងយល់ សម្រាប់វគ្គបណ្ដុះបណ្ដាលអំពីគ្រោះថ្នាក់ ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិសេសលោកអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕