(ពោធិ៍សាត់)៖ ប្រជាសហគមន៍ភ្នំទំព័រ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានជីវភាពកាន់តែប្រសើរឡើង តាមរយៈការដាំបន្ថែចម្រុះដែលជាបន្ថែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដើម្បីបម្រើផ្នែកម្ហូបអាហារជូនសម្រាប់ភ្ញៀវទេសចរ និងលក់ចេញនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ និងតាមភោជនីយដ្ឋានតាមបណ្តាខេត្តមួយចំនួន។

ដោយប្ដូរពីការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ប្រជាសហគមន៍នៅទីនេះ បានក្លាយជាអ្នកការពារព្រៃដ៏សកម្ម ហើយពួកគេរីករាយនឹងការដាំដុះដំណាចម្រុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

អ្នកស្រី ប៉េ​ន ស៊ី​ថុល និង​ស្វាមី លោក កែវ ពក ជា​សមាជិក​សហគមន៍ តំបន់ការពារធម្មជាតិភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់លោកស្រីបានប្រកបរបរកសិកម្មចម្រុះលើផ្ទៃដីជាង ២ហិកតា ដំណាំទាំងនេះរួមមាន៖ ដំឡូង ខាត់ណា សណ្តែកគួរ ពោត ដាំស្ពៃក្តោប ល្ហុង ទុរេន ចេក ខ្នោរ ក្រូចសើចជាដើម។ ក្រៅពីនេះពួកគាត់ក៏មាន ចិញ្ចឹមសត្វ ដូចជា៖ គោ មាន់ទា ដើម្បីរកចំណូលបន្ថែមផងដែរ។ ចំណែកប្រជាសហគមន៍ខ្លះទៀតក៏បានអាស្រ័យទៅលើសេវាទេសចរណ៍ និងមួយចំនួន ក៏បានពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ដូចជារកផ្សិត រកបន្លែ ទឹកឃ្មុំ ក្នុងព្រៃធម្មជាតិជាដើម។

លោកស្រី ស៉ីថុល បានបញ្ជាក់ថា កត្តាដែលជំរុញឱ្យគ្រួសាររបស់លោកស្រីដាំដំណាំចម្រុះដោយសារការស្រឡាញ់ ប៉ុន្តែ បន្ទាប់ពីការចាប់ផ្តើមដាំដំណាំដំបូងកាលពីកំឡុងឆ្នាំ២០១៩ គឺធ្វើឡើងដោយផ្សងព្រេង តែក្រោយមកប្រជាសហគមនក៏ទទួលបានជំនាញបច្ចេកទេសពីអង្គការជំនាញ រួមជាមួយនឹងជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន ទើបធ្វើឱ្យដំណើរការប្រកបអាីវកម្មដាំដំណាំចម្រុះរបស់ប្រជាសហគមន៍ភ្នំទំព័រ ទទួលបានជោគជ័យជាជំហាន ព្រមទាំងមានទីផ្សារផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោមដំណក់ភ្លៀងរលឹម, លោកស្រី ស៉ីថុល បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ទីផ្សារបច្ចុប្បន្ននេះ មិនខ្វះទេ ដោយសារតែមានការចូលរួមផ្សព្វផ្សាយពីសំណាក់បងប្អូនអ្នកសារព័ត៌មាន ព្រមទាំងស្ថាប័នពាក់ព័ន្ធជួយផ្សព្វផ្សាយ ដល់អ្នករស់នៅភ្នំពេញ ព្រមទាំងបណ្តាខេត្តផ្សេងៗ ជាពិសេសនៅផ្សារប្រម៉ោយ គឺពួកគាត់ទិញដើម្បីធ្វើម្ហូបជូនភ្ញៀវទេសចរ ដោយសារបន្លែរបស់ពួកគាត់ជាបន្ថែសុវត្ថិភាព និងមានប្រភពច្បាស់លាស់»

លោកស្រី ស៉ីថុល បានរៀបរាប់ថា មុននឹងក្រុមគ្រួសារលោកស្រីប្រកបរបរកសិកម្មនេះ ក៏បានលើកឡើងពីភាពខុសគ្នាក្រោយពីគ្រួសារអ្នកស្រីផ្លាស់ប្ដូរមុខ របរកាប់ឈើ កាលពីជាច្រើនឆ្នាំមុនដោយបង្វែរមកធ្វើកសិកម្មចម្រុះនៅជុំវិញផ្ទះ ដោយក្នុង ១ខែគ្រួសារ អ្នកស្រីអាចរកចំណូលបានជាង ៤លានរៀល។

លោកស្រីថា សម្រាប់តម្លៃបន្ថែមសុវត្ថិភាពរបស់លោកស្រីទទួលបានតម្លៃសមសមរម្យ ដោយក្នុងនោះសម្រាប់ស្ពៃក្រញាញ់ ក្នុង១គីឡូអាចលក់បាន៤០០០ ឬ៣០០០រៀល ក្នុងមួយគីឡូ រីឯសណ្តែកគួរវិញ គឺតម្លៃប្រែប្រួលតាមស្ថានភាពទីផ្សារជាក់ស្តែង ខណៈខាត់ណាដើមវិញ គឺអាចលក់បាន៦០០០រៀល ក្នុង១គីឡូក្រាម។ ដោយក្នុងមួយថ្ងៃគ្រួសារអ្នកស្រីអាចរកចំណូលប្រមាណ២០ម៉ឺន ឬ១០ម៉ឺនរៀល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

លោកស្រី ស៉ីថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរកាប់ឈើខុសច្បាប់សុំបញ្ឈប់របរនេះ ហើយងាកមកប្រកបរបរកសិកម្មជំនួសវិញផងដែរ៕