(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោមប្រធានបទ​ «សុខភាពដើម្បី​យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកាល័យអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរ ក្រុង ស្រុក អង្គភាពទាំង៣ មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងនិសិត្សប្រហែល ១,០០០នាក់។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានអានរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​បង្ការ​ ទប់ស្កាត់​ បង្រ្កាបបទល្មេីសគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយ និងអប់រំ​ពី​​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំង​នឹង​​គ្រឿងញៀននៅតាម​គ្រឹះស្ថានអប់រំ ​វេទិកា​សា​ធារ​ណៈ និងចុះចែក បិទ​ខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ កន្លែងកម្សាន្ត​​​សប្បាយ​នានាជាដើម។

ក្នុងនោះលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងថា សព្វថ្ងៃនេះ វិបត្តិគ្រឿងញៀនមានបញ្ហាយ៉ាងខ្លាំង ដល់ប្រមុខដឹកនាំ ជនណាដែលបានប្រព្រឹត្ត ជក់គ្រឿងញៀនហើយ ជននោះត្រូវជួបនិងការបាត់បង់ថវិកាខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្ត្រ ម្តាយ ឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិតភ័ក្ត្រ នៅទីបញ្ចប់ គឺឆ្លងជំងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។

លោកអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោត​សរសើរ​ និងអរគុណ​ដល់គ្រប់អង្គភាពជាសមាជិកនៃគណៈ​កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀនខេត្តបន្ទាយមានជ័យ ថ្នាក់​ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្គការមិនមែន​រដ្ឋាភិបាល​​ជាតិ-អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង​សប្បុរស​ជននានា ដែលបានចូលរួម​ និងគាំទ្រយ៉ាងសកម្មដល់​ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​តាមតួនាទី និងភារកិច្ច​ពាក់ព័ន្ធ​រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់​កាល​នៃយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។

លោក អ៊ុំ រាត្រី បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខមាលភាពប្រជាពលរដ្ឋ​ ជាមួយនឹងពាក្យស្លោក «ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង»

កម្ពុជា​នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ​សម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះ​គណៈកម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុងនូវរាល់ បទល្មើស​ជួញដូរ ​ប្រើ​ប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួនមុនដំណាច់ឆ្នាំ២០២៤ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ​ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហេីយការអនុវត្តដាក់ទោសទណ្ឌធ្វេីទៅតាមច្បាប់ដែលមានជាធរមាន៕