(កំពង់ស្ពឺ)៖ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំព្រះរាជអាជ្ញារង ចំនួន៣រូប ធ្វើបទបង្ហាញអំពីក្រមនីតិវិធីព្រហ្មទណ្ឌ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៧៦នាក់ តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងពេលប្រតិបត្តិការការងារស្រាវជ្រាវបទល្មើស ឲ្យត្រូវតាមក្រមនីវិធីព្រហ្មទណ្ឌ។

លោក ស៊ិន វិរៈ ក្នុងពេលបើកការផ្សព្វផ្សាយ ក្រមនីតិវិធីព្រហ្មទណ្ឌ បានលើកឡើងថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដែលពាក់ព័ន្ធក្រមនីតិវិធីព្រហ្មទណ្ឌ មាន៦១២មាត្រា មន្ត្រីនគរបាលយុត្តិធម៌ ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ក្នុងពេលអនុវត្តតួនាទីភារកិច្ចនីតិវិធី ជៀសវាងមានការប្តឹងមន្ត្រីនគរបាលយុត្តិធម៌ ឬមោឃភាពនីតិវិធី។ លោកបន្ថែមថា មន្ត្រីនគរបាលយុត្តិធម៌ បើមានចម្ងល់ក្នុងការអនុវត្តនីតិវិធី ត្រូវទំនាក់ទំនងមកកាន់ព្រះរាជអាជ្ញាផ្ទាល់បាន ដើម្បីជៀសវាងរាល់កំហុសឆ្គងក្នុងនីតិធីវិធី។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ថ្ងៃនេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែល បានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានផ្តល់កិត្តិយសដឹកនាំព្រះរាជអាជ្ញារង និងសហការីមកធ្វើបទបង្ហាញដើម្បីពង្រឹង ការអនុវត្តតួនាទី ភារកិច្ច ឲ្យស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចកម្ពុជា ដល់មន្ត្រីនគរបាលយុត្តិធម៌របស់យើង នាពេលនេះ។

លោកមេបញ្ជាការ បានសង្កត់ថា ដើម្បីជាប្រយោជន៍ដ៏ធំធេងមន្ត្រីនគរបាលយុត្តិ នៃបញ្ជាការដ្ឋានរបស់យើងទាំងអស់ដែលកំពុងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំ ដើម្បីឲ្យស្របតាមក្រឹត្យក្រមនៃច្បាប់ជាធរមាន ក៏ដូចជាអាចរក្សាបាននូវសេចក្តី ថ្លៃថ្នូរក្នុងនាមមន្ត្រីអនុវត្តច្បាប់ផងដែរ ត្រូវយកចិត្តទុកដាក់ស្តាប់ ដោយកចិត្តទុកដាក់ខ្ពស់ កត់ត្រាទុកក្រែងថ្ងៃក្រោយភ្លេច។

ពិតណាស់ក្នុងការអនុវត្តកន្លងមក កងកម្លាំងមានចំណុចខ្វះចន្លោះជាច្រើន ដែលធ្វើឲ្យសំណុំរឿងនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ តែដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការ ទើបដំណើរការរឿងនីមួយៗបាន សម្រេចទៅដោយរលូន។ សូមបញ្ជាក់ថា មេរៀនដែលត្រូវធ្វើបទបង្ហាញមាន តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌, មុខវិជ្ជា តួនាទីអយ្យការ, កិច្ចស៊ើបអង្កេត-សហប្រតិបត្តិការ កងរាជអាវុធហត្ថ៕