(ក្រចេះ)៖ នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៩៤ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១៧៤នាក់ និងដកហូតបានគ្រឿងញៀនចំនួន ៥៧០កញ្ចប់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃម្សិលម៉ិញ បានបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តរយកចិត្តទុកដាក់ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន សំដៅកាត់បន្ថយឱ្យបាននូវក្តីកង្វល់របស់ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា វត្ថុតាងដកហូត រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន ៥៧០ កញ្ចប់ ទម្ងន់ ១.៥៤៩,៧៧ក្រាម កញ្ឆារក្រៀមទម្ងន់ ៤២,១គីឡូ ក្រាម កញ្ឆារស្រស់ចំនួន ១៤០០ដើម គ្រាប់ពូជកញ្ជារចំនួន ១៦៤,២៧ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១២គ្រឿង រថយន្តចំនួន០៤គ្រឿង ម៉ូតូចំនួន ៥៣គ្រឿង ទូរសព្ទចំនួន ១៣៥គ្រឿង អាវុធAK ស្វាយបត់ចំនួន ០១ដើម គ្រាប់ចំនួន ១៥គ្រាប់ និងសម្ភារៈផ្សេងៗ មួយចំនួនទៀត។
ជនល្មើសត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី ដោយឡែកគ្រឿងញៀន ដែលរឹបអូសបាន គឺត្រូវបានដុតបំផ្លាញចោលកាលពីថ្ងៃម្សិលមិញ ក្នុងឱកាសដែលខេត្តក្រចេះ បានប្រារព្វទិវាអន្តរជាតិប្រយុទ្ឋ ប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទរួមគ្នាវិនិយោគលើការបង្ការទប់ស្គាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន៕