(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការដាក់ឲ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ នាពេលនេះ គឺជាការបិទបញ្ចប់ទាំងសុ្រង នូវបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្លាប់បានកើតមានដោយអន្លើ នាពេលកន្លងទៅ នៅក្នុងភូមិសាស្ត្រខ្លះ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្របាក់ខែងជំហានទី៣» នាថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បច្ចុប្បន្ននេះ​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានចំនួនប្រមាណ៩៨ ម៉ឺន ២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ​ ដែលបរិមាណនេះ អាចឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន របស់បង-ប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល។

ស្របពេលជាមួយគ្នានេះ​ រោងចក្របាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ មិថុនានេះ ​និងគ្រោងនឹងបញ្ចប់ នៅ ត្រីមាសទី៣ ឆ្នាំ ២០២៧ ខាងមុខ នឹងជំរុញឱ្យការផលិតទឹកស្អាតបាន១លាន២សែនម៉ែត្រគូប ក្នុងមួយថ្ងៃ​។

អគ្គបណ្ឌិតសភាចារ្យ​មានប្រសាសន៍ សម្រាប់ទិសដៅអនាគត​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាំបាច់ត្រូវបន្តបេសកកម្ម និងតួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពផលិតឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រេចបាននូវគុណភាព, ប្រសិទ្ធភាព, និង ជវភាពខ្ពស់, សំដៅឈានឆ្ពោះទៅ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនដល់បង​ប្អូនប្រជាពលរដ្ឋ ។

​អគ្គបណ្ឌិតសភាចារ្យ ​បានស្នើឱ្យក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និង មន្ត្រី-និយោជិតគ្រប់លំដាប់ថ្នាក់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ថ្នាក់ដឹកនាំនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, បន្តយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដូចខាងក្រោម ៖

ទី១-ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និង ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត សំដៅធានាឲ្យបាននូវប្រភពទឹកគ្រប់គ្រាន់, ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន​ ដើម្បីឲ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបាននូវលក្ខខណ្ឌគោលទាំង ៤ គឺ៖ គុណភាព, សុវត្ថិភាព, និរន្តរភាព, និង ថ្លៃសមរម្យ។

ទី២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត តាមប្រព័ន្ធបណ្តាញមេ ជូនដល់ប្រជាពលរដ្ឋ, ទាំងនៅទីប្រជុំជន និង ក្រៅទីប្រជុំជន, តាមរយៈការលើក ទឹកចិត្ត ឲ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែម ក្នុងការផលិតទឹកស្អាត, ទាំងខ្នាតធំ និង មធ្យម, ដើម្បីជួយផ្គត់ផ្គង់ទឹកស្អាត ដល់តំបន់ដែលប្រឈមនឹងកង្វះទឹក។

ទន្ទឹមនេះ, ក្រសួង ក៏ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង អាជ្ញាបណ្ណ ឲ្យបានមត់ចត់ ព្រមទាំងបន្តជួយពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ឲ្យបានកាន់តែប្រសើរផងដែរ។

ទី៣-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ក៏ដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ត្រូវបន្តអនុវត្តគោលនយោបាយតម្លៃទឹកស្អាត ដោយត្រូវផ្តល់អាទិភាព ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប រួមទាំងកម្មករ-និយោជិត និង សិស្ស- និស្សិត ដែលស្នាក់នៅតាមបន្ទប់ជួល ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ ក្នុងថ្លៃសមរម្យ ដែលអាចទទួលយកបាន​ និងត្រូវបន្តពង្រឹង និងពង្រីកតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត ឲ្យបានគ្រប់គ្រាន់ និង ទាន់ពេល សម្រាប់រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, សួនបណ្តុំសហគ្រាសធុនតូច និង មធ្យម, និង ទីប្រជុំជន ដែល មានសកម្មភាពសេដ្ឋកិច្ច និង នគរូបនីយកម្ម រីកដុះដាលលឿន​៕