(ភ្នំពេញ)៖ តាមសារលិខិតអបអរសាទរ ក្នុងឱកាសប្រារព្ធទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញ និងលើកទឹកចិត្ត ឲ្យវិស័យឯកជនបន្តរួមចំណែក ក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាព នៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាព តាមរយៈការបន្តបណ្តុះបណ្តាល បុគ្គលិកនិយោជិត និងផ្តល់នូវរបបសន្តិសុខសង្គម។

សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាល សូមជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនបន្តរួមចំណែក ក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាព នៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាព តាមរយៈការបន្តបណ្តុះបណ្តាល បុគ្គលិក និយោជិត និងផ្តល់នូវរបបសន្តិសុខសង្គម ក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ ផលិតកម្មសេវាកម្មរបស់ខ្លួន»។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ​អនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្ត និងការកាន់បញ្ជីកាគណនេយ្យ គួរត្រូវបានលើកតម្កើង និងចាត់ទុកជាការវិនិយោគ ដែលនឹងទទួលផលត្រលប់មកវិញ ចៀសជាងជាបន្ទុក នៃការធ្វើធុរកិច្ច។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះជាច្រើន រួមទាំងការអនុគ្រោះ ផ្នែកពន្ធដារ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការបំពេញអនុលោមភាព ក្នុងគោលបំណងតែមួយគត់ គឺដើម្បីសហគ្រាសទាំងអស់ មានលទ្ធភាពក្នុងការឈាន ទៅទទួលបាននូវការទទួលស្គាល់មានទីផ្សារ ដែលមាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា សម្រាប់ការពង្រីកសក្តានុពល របស់ខ្លួន។ កម្មវិធីអភិវឌ្ឍជំនាញ ក៏ជាអាទិភាពគន្លឹះមួយផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកប ដោយស័ក្តិសិទ្ធភាព និងបរិយាបន្ន។

រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្ត ជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងសូមឲ្យប្រធានបទនៃទិវាជាតិលើកទី១នេះ ក្លាយជា ថាមពលនិងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រុញច្រានកិច្ចសហការ ការគាំទ្ររវាងគ្នា និងការជួយជ្រោមជ្រែង គ្នាទៅវិញទៅមករវាងតួអង្គទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ ដឹកនាំនៃក្រសួងស្ថាប័នទាំងអស់ ខ្ញុំសូមគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឲ្យវិស័យនេះ ឲ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវឲ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រ ដល់ការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញវិស័យនេះ ឲ្យក្លាយទៅជាខឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត, បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោក។

នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។

យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។

លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)៕