(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំអនុសាខាស្រុក សប្បុរសជន និងយុវជនអ្នកស្ម័គ្រចិត្តកាកបាលក្រហមកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៩៧គ្រួសារ មកពីភូមិចំនួន២២ ក្នុងឃុំ៥ នៃស្រុកបវេល។

ប្រជាពលរដ្ឋរងគ្រោះទាំង៩៧គ្រួសារ ក្នុងនោះរលំលទាំងស្រុង១៤ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន ៣៣ខ្នង និងប៉ើងដំបូលដោយអន្លើរចំនួន ៥០ខ្នងផ្ទះ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅក្នុងនោះបណ្តាលឱ្យរន្ទះបាញ់ស្លាប់មនុស្ស ១នាក់ផងដែរ។

ក្នុងឱកាសនេះ លោក សុខ លូ បាននាំប្រសាសន៍នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកប្រធានបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្ត រាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកប្រធានបានបន្តថា ថ្វីត្បិតតែ អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹង ការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល។

លោក សុខ លូ បានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមាន ភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំ និងផ្គររន្ទះ អាចបង្ករជាគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាព មិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌល សុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬ ព្យាបាលបានទាន់ពេលវេលាដោយឡែកប្រជាពលរដ្ឋដែលជួបនូវគ្រោះធម្មជាតិ សូមប្រញ៉ាប់រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ច ដែលនៅជិតបំផុតដើម្បីមានវិធានការ ជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ដោយមិនទុកចោលប្រជា ពលរដ្ឋណាម្នាក់ឱ្យនៅរងគ្រោះនោះឡើយ។

លោក សុខ លូ បានបន្តអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះធម្មជាតិ ដែលតែងតែកើត មានឡើងដោយមិន មានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ ក្រសួងធន ធានទឹកនិងឧតុនិយម តែងតែបានចេញសេចក្តីជូនដំណឹង អំពីការព្យាករណ៍អាកា
សធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការអោយបានសកម្មជាមួយ អាជ្ញាធរមូលដ្ឋានក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលនឹងចាប់អនុវត្តនាពេលខាងមុខ ក្នុងក្របខណ្ឌទូទាំង ខេត្តបាត់ដំបង សម្រាប់យុទ្ធនាការនេះ គឺធ្វើឡើងសម្រាប់ក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងតែម្ដង ក្នុងគោលបំណង សំខាន់បំផុតគឺ ដើម្បីកំណត់ឱ្យច្បាស់អំពីព្រំដីចំណីផ្លូវ ចៀសវាងមានការរំលោភបំពានដី ចំណីផ្លូវ និងពិសេសលើក កម្ពស់សម្រនៅតាមទីប្រជុំជន នឹងកាន់តែបង្កើនសម្រស់ស្រស់ស្អាត ក្លាយជាទីក្រុងបៃតង ផ្តល់នូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា និងស្នាក់នៅខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត ។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១ កេស, មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ , ភួយ១ សារុង១។ ដោយឡែកប្រជាពលរដ្ឋរងគ្រោះរលំទាំងស្រុង និងថែមសំពត់ តង់មួយផងដែរ៕