(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងថា ប្រជាពលរដ្ឋទាំង៩៨គ្រួសារ ដែលពាក់ព័ន្ធ នឹងតំបន់អន្ទង់អាំងភ្នំ១៥០០ ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តសូមបញ្ជាក់ដូចខាងក្រោម៖

*ទី១៖ សម្រាប់ប្រជាពលរដ្ឋទាំង៦៧គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ភ្នំ១៥០០ ត្រូវបន្តសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំង ទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្ត ទទួលបានការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លី ពីរាជរដ្ឋាភិបាល ជូនទាំង ៦៧គ្រួសារ ព្រមទាំងត្រូវចូលរួមដាំដើមឈើស្តារឡើងវិញ នៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់កាន់កាប់កន្លងមក។

*ទី២៖ សម្រាប់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍ អនុញ្ញាតបន្តប្រមូលផលទុរេនរយៈពេលបីឆ្នាំ ដើម្បីរំលោះទុន ដែលបានវិនិយោគ ដោយត្រូវចូលរួមដាំដើមឈើ នៅចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់ និងអាស្រ័យផល នៅទីតាំងថ្មីជាបណ្តោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធិស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។

ទី៣៖ សម្រាប់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្តក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។

ករណីផុតកំណត់រយៈពេល៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទាំង៩៨គ្រួសារ ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕