(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា គម្រោងតេជោភូមិ១០០ (TECHO ភូមិ១០០) នឹងដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។

ការអះអាងនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចូលរួមក្នុងកិច្ចប្រជុំស្ដីពីឯកសារទស្សនាទានគម្រោងតេជោភូមិ១០០ (TECHO ភូមិ១០០) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា។

លោក សួស យ៉ារ៉ា បានជម្រាបជូនអង្គប្រជុំអំពីគម្រោងតេជោភូមិ១០០ គឺជាគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលមានភាពខុសប្លែកពីគេតែមួយគត់ គឺការបង្កើតគម្រោងទៅតាមតម្រូវការ និងសក្តានុពលរបស់ភូមិនីមួយៗ ដោយប្រើប្រាស់វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) ដោយយកវប្បធម៌ និងគំនិត TECHO ជាស្នូល។

លោកបានបន្តថា វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) សំដៅលើការអភិវឌ្ឍដែលកៀរគរ និងប្រើប្រាស់សក្តានុពលនៃធនធានក្នុងស្រុក រួមទាំងធនធានធម្មជាតិ និងធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជន សក្តានុពលកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅនឹងកន្លែង។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានបន្តទៀតថា គម្រោងនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ជនបទ តាមរយៈភាពជាអ្នកដឹកនាំមូលដ្ឋានប្រកបដោយភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នានៅទូទាំង២៥រាជធានី-ខេត្ត ក្រោមក្របខណ្ឌការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន និងកម្មវិធីភាពជាដៃគូសាធារណៈ ឯកជន និងប្រជាជន (Public Private People Partnership)។

លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះលោកប្រធាន សួស យ៉ារ៉ា ដែលផ្ដល់សេចក្ដីទុកចិត្ត និងជឿជាក់លើក្រសួងអភិវឌ្ឍន៍ជនបទឱ្យបន្ដការអនុវត្តគម្រោងតេជោភូមិ១០០ ដែលនេះគឺការចូលរួមចំណែកបន្ថែមទៀតលើការអភិវឌ្ឍនភូមិចម្រុះ ការអភិវឌ្ឍភូមិសន្ដិភាព និងការអភិវឌ្ឍភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ដ្រីបានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤៖

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់.

ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។

ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ។

ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ដ្រីបានបន្ដថា ក្នុងចំណោមកម្មវិធីអាទិភាពទាំង៤របស់ក្រសួង កម្មវិធីទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់ដែលអាចបណ្ដុះគំនិតសហគ្រិនភាព ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឱ្យប្រកបរបររកប្រាក់ចំណូលបន្ថែមក្រៅពីការប្រកបរបរកសិកម្ម ហើយគម្រោងតេជោភូមិ១០០នេះ នឹងដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍកាន់តែខ្លាំងឡើង៕