(កំពង់ស្ពឺ)៖ លោក ហោ សារុន រដ្ឋលេខាធិការ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលវាយតម្លៃ និងការទទួលស្គាល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលមានស្នាដៃល្អក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសំណាក់លោក កៅ សុណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល។

នាឱកាសនោះដែរ លោក ហោ សារុន សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីវិធានការ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍» ឡើង ដោយមានការចូលរួមពីបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ។

លោកបានឱ្យដឹងថា នៅក្នុងសិក្ខាសាលាកន្លងទៅនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវ «យុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងវិស័យទេសចរណ៍» និងបានជំរុញឱ្យមានការចូលរួមពីបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ក្នុង យុទ្ធនាការនេះដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅលើទឹកដីខេត្តកំពង់ស្ពឺ និងឈានទៅលុបបំបាត់ទាំងស្រុងទូទាំងកម្ពុជា ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល ជាស្ថាប័នដឹកនាំសម្របសម្រួលការងារយុទ្ធសាស្ត្រក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទ នៅឆ្នាំ២០២៥ ខាងមុខ។

លោក ហោ សារុន បានបន្តថា ការដាក់ចេញយុទ្ធនាការនេះមិនត្រឹមតែជាការចូលរួមក្នុងសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅឆ្នាំ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែ យុទ្ធនាការនេះនឹងជួយការពារកិត្តិនាមគោលដៅទេសចរណ៍កម្ពុជាមិនឱ្យរងគ្រោះ ដោយសារវិបត្តិជំងឺគ្រុនចាញ់ និងធានាបានសុខសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងកសាងទំនុកចិត្តជូនភ្ញៀវទេសចរ ដែលកត្តាទាំងអស់នេះនឹងប្រែក្លាយគោលដៅ ទេសចរណ៍កម្ពុជាកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។

លោកបានបន្ថែមថាការផ្សព្វផ្សាយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់ក្រសួងទេសចរណ៍ក្នុងការលុបបំបាត់ជំងឺ គ្រុនចាញ់ ដែលមិនគ្រាន់តែដាក់ចេញយុទ្ធនាការតែមួយមុខប៉ុណ្ណោះ ក្រសួងទេសចរណ៍បាន ចាត់ក្រុមការងារចុះទៅកាន់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ផ្ទាល់ដល់កន្លែង ដើម្បីលើកទឹកចិត្ត និងជំរុញការអនុវត្តសកម្មភាពឱ្យយុទ្ធនាការនេះ ទទួលបានជោគជ័យ ដែលក្នុងនោះក្រុមការងារក៏ធ្វើការវាយតម្លៃជ្រើសរើសមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ដែលមានស្នាដៃល្អក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុង វិស័យទេសចរណ៍ដើម្បីមកទទួលពាននៅថ្ងៃនេះផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ហោ សារុន បានបន្ថែមថា ការលុបបំបាត់ជំងឺគ្រុនចាញ់នេះទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ ពី គ្រប់ផ្នែក និងគ្រប់ស្រទាប់ទាំងអស់ ហើយការផ្តល់ពាននៅថ្ងៃនេះគឺជាការទទួលស្គាល់ និងជាការលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឱ្យចូលរួមគាំទ្រដល់ «យុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍» បន្តទៅមុខទៀត ប្រកបដោយចីរភាព។

«យើងអាចមានឱកាសរួមគ្នាគិតគូរពីការលុបបំបាត់ជំងឺគ្រុនចាញ់ និងសម្រេចការងារផ្សេងៗទៀតគឺយើងរួមគ្នាធ្វើឡើងនៅក្រោម «ម្លប់នៃសន្តិភាព» ជាវត្ថុមានតម្លៃ មហាសាលមួយ ដែលបណ្តាប្រទេសមួយចំនួនពុំមានភ័ព្វវាសនាទទួលបាន និងកំពុងតែស្រែកដង្ហោយស្វែងរកសន្តិភាពនេះ។ កម្ពុជាយើងគឺជាប្រទេសមានសំណាង ដែលមានសន្តិភាពពេញលេញ។ អរគុណសន្តិភាព! មានសន្តិភាព ទើបយើងអាចសម្រេចការងារផ្សេងទៀតបានជោគជ័យ និងធានាបានអនាគតដ៏ត្រចះត្រចង់សម្រាប់កូនចៅជំនាន់ក្រោយ»។ នេះជាការគូសបញ្ជាក់របស់លោក ហោ សារុន។

លើសពីនេះទៀត នៅក្នុងសារលិខិតនាឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា នៅក្នុងបរិបទសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេសកម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ «ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥»

ពិធីចែកពាន និងការទទួលស្គាល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃល្អបានបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងចូលរួមបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍តាមរយៈការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលធ្វើឱ្យពួកគាត់កាន់តែជឿទុកចិត្ត និងចូលរួមផ្សព្វផ្សាយពីកិត្តិនាមគោលដៅទេសចរណ៍កម្ពុជា។

លោកសង្ឃឹមជឿជាក់ថា មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសអ្នកទទួលបានពាននៅថ្ងៃនេះ នឹងនៅតែបន្តអនុវត្តយុទ្ធនាការ លុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសិទ្ធភាព «ដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ ដើម្បីវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន» ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោក ហោ សារុន សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ស្ពឺដែលបានគាំទ្រដល់យុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍៕