(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងការិយាល័យផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងណែនាំដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសកម្មករកម្មការនីរោងចក្រ ដែលប្រើប្រាស់មធ្យោបាយភាគច្រើន គឺម៉ូតូ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ស្ថិតនៅមុខច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានចែកខិតបណ្ណ័មួយចំនួនស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ កម្មករកម្មានារីចូលរួមស្ដាប់ការណែនាំចំនួន៥៨០នាក់។

លោកវរសេនីយ៍ឯក គីម សុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ ឱ្យដឹងបន្ថែមថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ពិតជាមានសារសំខាន់ប្រជាពលរដ្ឋអ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ពោលត្រូវមានការប្រុងប្រយ័ត្ននៅពេលបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយហាមបើកបរហួសល្បឿនកំណត់ ហាមវ៉ាជែងតំបន់គ្រោះថ្នាក់ បើកបរប្រកាន់ស្ដាំ មិនត្រូវបើកបរទន្ទឹមគ្នា មិនត្រូវបើកបរពេលស្រវឹង។

លោកបានគូសបញ្ជាក់ថា សកម្មភាពចុះអប់រំនេះ គឺនគរបាលចរាចរណ៍ផ្លូវគោកតែងតែផ្សព្វផ្សាយជាហូរហែនៅតាមសាលារៀន ក្រុមហ៊ុនឯកជន (ក្រុមដឹកជញ្ជូន, បងប្អូនរបររត់តាក់ស៊ី, ក្រុមហ៊ុនឡានឈ្នួលជាដើម ហើយគោលបំណង គឺសុំណូមពរដល់ប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រឡាញ់ជីវិត ស្រឡាញ់គ្រួសារ ស្រឡាញ់អ្នកដទៃចូលរួមគោរច្បាប់ចរាចរណ៍»៕