(ភ្នំពេញ)៖ បញ្ញាវន្តកម្ពុជា ផលិតករភាពយន្ត សិល្បករ និងផ្នែកឯកជនបានរួមគ្នាសហការផលិត បានជាភាពយន្តអប់រំខ្លីមួយមានចំណងជើងថា «វេលាហួសហើយ» ដើម្បីចូលរួមផ្ដល់ការអប់រំដាស់តឿន ដល់យុវវ័យជៀសឱ្យផុតពីអំពើអបាយមុខ ពិសេសការប្រើប្រាស់គ្រឿងញៀន និងអប់រំដល់ពួកគេឱ្យចេះប្រើប្រាស់ពេលវេលា ធ្វើរឿងដែលមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ រៀបចំគោលដៅជីវិតឱ្យបានច្បាស់លាស់ ជៀសវាងការស្ដាយក្រោយ។

ភាពយន្តខ្លីនេះត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆៃណា។

ភាពយន្តអប់រំខ្លី «វេលាហួសហើយ» នេះដែរ ត្រូវបានផ្ដួចផ្ដើមដោយលោក សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆៃណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជា រួមជាមួយផលិតករភាពយន្តខ្មែរ លោក សែម ជឿន។

លោក សរ រិទ្ធី បានថ្លែងថា ការសហការផលិតភាពយន្តអប់រំខ្លី «វេលាហួសហើយ» នេះ គឺបានរំលេចនូវសារអប់រំដាស់តឿនដល់យុវវ័យជំនាន់ថ្មីឱ្យជៀសផុតពីការសេពគប់មិត្តមិនល្អ និងការប្រើប្រាស់គ្រឿងញៀន ឈានទៅរកការបំផ្លាញសុខភាព អនាគត ព្រមទាំងបាត់បង់ធនធានមនុស្ស និងសង្គមជាតិផងដែរ។

ដើម្បីចូលរួមចំណែកអប់រំ និងតម្រង់ទិសដល់យុវវ័យជំនាន់ក្រោយ ដែលពួកគាត់មួយចំនួនបានបោះបង់ការសិក្សា ភ្លើតភ្លើន ធ្លាក់ខ្លូនក្នុងអបាយមុខ ឱ្យភ្ញាក់រលឹកងាកមកដើរផ្លូវល្អទាន់ពេលវេលា កុំឱ្យធ្លាក់ទៅក្នុងការអូសទាញរបស់សង្គមមនុស្សមិនល្អ។

លោក សរ រិទ្ធី បានបន្តថា ខ្សែភាពយន្តនេះកើតចេញពីការខិតខំរួមគ្នារបស់ផលិតករ និងសិល្បករ សិល្បការនីជាច្រើនរូប ក្នុងគោលបំណងដើម្បីយកទៅប្រកួតប្រជែងក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខលើកទី១៣ នៅប្រទេសកម្ពុជា និងបន្តដាក់ប្រកួតនៅតំបន់អាស៊ានជាបន្តបន្ទាប់ទៀត៕