(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន ព្រមទាំងអរគុណទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបន្ដគៀរគរសប្បុរសជន សម្រាប់ការចូលរួមលើកិច្ចការងារអតីតយុទ្ធជន។

ការថ្លែងអំណរគុណបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងខ្ញុំណាស់ចំពោះសប្បុរសជន ដែលបានចូលអម្បិញមិញ ហើយខ្ញុំឱ្យឯកឧត្តម គន់ គីម ហើយអរគុណណាស់ដែលបានចលនាផ្ទះបន្ត ខ្ញុំពិតជាមានមោទនភាពណាស់បានចុះទៅគិតគូរ ចុះទៅចូលរួមក្នុងការចែកផ្ទះ ចុះឃើញគម្រោងកំពុងអភិវឌ្ឍន៍នូវផ្ទះជាច្រើនដែលបានពីការចូលរួមរបស់រាជរដ្ឋាភិបាល បូកជាមួយនឹងសប្បុរសជននានា ជូនអតីតយុទ្ធជននៅតាមបណ្តាខេត្ត»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងកិច្ចការងារយកចិត្តទុកចំពោះអតីតយុទ្ធជន សម្តេចបានចុះដោយផ្ទាល់នៅតាមទីតាំងជាច្រើនដែលសមាគមន៍អតីតយុទ្ធជនបានរៀបចំធ្វើផ្ទះសម្រាប់ស្នាក់ជូនពួកគាត់រួមមាន នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបង ព្រមទាំងទីតាំងផ្សេងទៀតជាដើម។ ជាមួយនឹងការចុះជួបអ៊ុំ ពូ មីង ជាអតីតយុទ្ធជននេះ សម្តេចបានមើលឃើញ និងមានមោទនភាព គឺបានឃើញអតីតកងទ័ពដែលធ្លាប់ច្បាំងគ្នា ប៉ុន្តែ ពួកគាត់អាចរស់នៅក្នុងមូលដ្ឋានជាមួយគ្នាដោយសុខសប្បាយ ក្រោមដំបូលនៃសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងមានមោទនភាព មិនត្រឹមតែបានជួយរៀបចំផ្ទះសម្បែងឱ្យអតីតយុទ្ធជន បានស្នាក់នៅសមរម្យនោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលបានបង្កើតភូមិមួយ គឺ «ភូមិសន្តិភាព» ដែលអតីតខ្មែរយើងធ្លាប់កាប់សម្លាប់គ្នាឯងដោយសារតែសង្គ្រាមស៉ីវិល តែអាចមកអង្គុយជាមួយគ្នា រស់នៅជាមួយគ្នាភូមិផងរបងជាមួយគ្នា បង្កើតភូមិថ្មីជាមួយគ្នានេះ ជាមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្រោមនយោបាយឈ្នះឈ្នះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាក់ស្ដែងលើការគាំពារដល់អតីតយុទ្ធជន មិនមែនបានត្រឹមតែថានោះទេ ព្រមទាំងបានណែនាំដល់អភិបាលខេត្ត ត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជន សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ។

ទន្ទឹមនឹងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអភិបាលខេត្ត ជួយចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់សមាគមអតីតយុទ្ធជន និងណែនាំដល់ក្រុមសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ត្រូវបូកបន្ថែមទាំងបង្គន់អនាម័យ កុំធ្វើតែផ្ទះ ជាពិសេសត្រូវផ្ដល់អាទិភាពមុន ដល់អតីតយុទ្ធជនដែលខ្វះខាតខ្លាំង៕