(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប្រចាំនូវជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់សោធន ក៏ដូចជាការផ្តល់ជូនការឧបត្ថម្ភផ្សេងៗទៀត។

រាជរដ្ឋាភិបាលបានដំឡើងប្រាក់សោធនអប្បបរមា (ទាបបំផុត) ប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនពី ៧៧ ម៉ឺនរៀលនៅឆ្នាំ ២០២៣ ដល់ ៨២.៥ម៉ឺនរៀលនៅឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការដប្រាក់សោធនដល់អតីតយុទ្ធជនម្នាក់ ៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ ១លានដុល្លារក្នុង ១ខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ។

ការលើកឡើរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងដូច្នេះថា «ពិតណាស់ គិតថាឡើង ៥ម៉ឺនរៀលមិនច្រើនសម្រាប់ម្នាក់ ប៉ុន្តែសម្រាប់ថវិកាជាតិរបស់យើងក្នុង ១០ម៉ឺននាក់ជាង អីចឹងបានន័យថា ក្នុង១ខែយើងចំណាយជាង ១លានដុល្លារ ឬ១ឆ្នាំជាង ១០លានដុល្លារ។ សួរថានេះ យើងមិនគិតគូរជីវភាពរបស់អតីតយុទ្ធជនទេ? គឺយើងរៀបចំគិតគូរជាប្រចាំជូន ដើម្បីធ្វើយ៉ាងណាជីវភាពរស់នៅរបស់ពួកគាត់ មិនត្រឹមតែគិតគូរ ពីប្រាក់របបសោធននោះទេ យើងគិតគូរទាំងរបបសម្រាប់គ្រួសារអតីតយុទ្ធជន ក្រៅពីនោះយើងបានធ្វើផ្ទះជូនថែមទៀត»

សម្តេចបានថ្លែងថា បច្ចុប្បន្នអតីតយុទ្ធសរុបចំនួន ១០ម៉ឺន៩ពាន់នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ១៤ម៉ឺន៩ពាន់នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ តាមកំណើនសេដ្ឋកិច្ច និងដំឡើងប្រាក់បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការកំណត់យកថ្ងៃ ២១ មិថុនាជារៀងរាល់ឆ្នាំ ប្រារព្ធពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីជាការដឹងគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់អតីតយុទ្ធជន បង្ហាញយុវជនជំនាន់ក្រោយ មិនថាប៉ុន្មានឆ្នាំទៅមុខទៀតត្រូវតែបន្តចងចាំ។

សម្តេចសង្កត់ធ្ងន់ថា «បើចងចាំប្រវត្តិសាស្ត្រ ត្រូវចង់ចាំអ្នកដែលនៅក្នុងប្រវត្តិសាស្ត្រ ពិសេសអតីតយុទ្ធជន»

សម្តេចបានបន្ថែមទៀថា ការកំណត់ យកថ្ងៃ ២១ មិថុនា ដើម្បីប្រារព្ធពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា គឺយើងត្រូវតែធ្វើ ដើម្បីជាការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន, វីរយុទ្ធនារី, ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បី រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ពិធីនេះ ក៏បំផុសនូវស្មារតីដឹងគុណជានិច្ច ដល់អតីតយុទ្ធជនរបស់យើង៕