(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជនពីគ្រប់ទិសទី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត បានចូលរួមយ៉ាងផុសផុលក្នុងការបរិច្ចាគ ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោកបណ្ឌិត ចន ណារិទ្ធ សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកជាផ្លូវការយុទ្ធនាការនេះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅលើទឹកដីនៃក្រុងអង្គរ ខេត្តសៀមរាប។

លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុប សមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២.៩លានដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណជាង ២០ម៉ឺន ៤ពាន់នាក់។

ស្របពេលជាមួយគ្នានេះដែរ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំចលនាផ្សព្វផ្សាយបន្ត និងកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

សូមរំលឹកជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។ ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួម នាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបភាពនេះ។

ជាចុងក្រោយ ក្នុងនាមជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកបណ្ឌិត ចន ណារិទ្ធ សូមអំពាវនាវដល់ពុកម៉ែ បងប្អូន ដែលមានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជានៅពេលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ខាងមុខក៏ដោយ ព្រោះថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយប្រមាណ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ (ឬប្រមាណ៤២លានដុល្លារក្នុងមួយឆ្នាំ) ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មពិនិត្យ និងព្យាបាលទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ៕