(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមាននាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិ មរតកតេជោ ជាសេនាធិការ ផ្តល់កិច្ចសហការល្អ និងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ក្នុងការប្រគល់-ទទួលឯកសារ និងការផ្ទេរការងារពាក់ព័ន្ធ នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ជាបណ្តើរៗឱ្យបញ្ចប់ នៅមុនដំណាច់ឆ្នាំ២០២៤។

ការស្នើបែបនេះ របស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ប្រកាសសុពលភាព និងចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ។ ពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានថ្លែងថា ការបង្កើតគ្រឹះស្ថានពហុកីឡដ្ឋានជាតិឡើង ក៏នឹងផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយនេះ អាចមានស្វ័យភាពថវិកា និងអាចធ្វើសកម្មភាពកៀរគរចំណូលឱ្យអស់សក្តានុពល ពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិ សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋជាបណ្តើរៗ និងអាចក្រសោបយកកាលានុវត្តភាព នៃការពង្រីកប្រភពចំណូលពាក់ព័ន្ធផ្សេងៗ ដើម្បីធានានិរន្តរភាពនៃថវិកា សម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការនៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក៏ដូចជាសម្រាប់ អភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់បន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ក៏បានណែនាំដល់ក្រុមប្រឹក្សាភិបាលនៃពហុកីឡដ្ឋានជាតិ ដែលត្រូវបានតែងតាំងជាផ្លូវការរួចហើយ ត្រូវរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួនឱ្យបានឆាប់តាមការណ៍អាចធ្វើទៅបានដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារអាទិភាពមួយចំនួនមានជាអាទិ៍៖ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃពហុកីឡដ្ឋានជាតិ ប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃពហុកីឡដ្ឋានជាតិ គម្រោងថវិកា ឆ្នាំ ២០២៤ និង២០២៥ ការស្នើសុំកំណត់ប្រាក់ឧបត្ថម្ភសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិក ព្រមទាំងការជ្រើសរើសមន្រ្តី បុគ្គលិក សម្រាប់បម្រើការងារនៅពហុកីឡដ្ឋានជាតិ។

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ក៏បានស្នើឱ្យមានការគិតគូរជាបណ្តើរៗ លើការដាក់បញ្ចូលពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានផ្សេងទៀត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រឹះស្ថានពហុកីឡដ្ឋានជាតិ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ៣៩ អនក្រ. បក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤។ ក្នុងទិសដៅនេះ, សូមស្នើក្រសួងអប់រំ យុវជន និងកីឡា បង្កើតក្រុមការងារចំពោះកិច្ចមួយ ដោយមានសមាសភាពពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងធ្វើរបាយការណ៍គោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី ជ្រាប ពិនិត្យសម្រេច និងផ្តល់ការណែនាំ។

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានស្នើឱ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ពិនិត្យ និងសិក្សាលម្អិតអំពីលទ្ធភាពនៃការវិនិយោគបន្ថែម លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួនក្នុងទីតាំងដែលមានស្រាប់ និងការបង្កើតសេវាថ្មី សម្រាប់រកចំណូលបន្ថែមដើម្បីមានលទ្ធភាពចិញ្ចឹមពហុកីឡដ្ឋាជាតិ ប្រកបដោយនិរន្តរភាព និងដើម្បីអាចប្រើប្រាស់សម្រាប់ការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ទាំងកម្រិតជាតិ និងអន្តរជាតិ។

អគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ ដែលត្រូវបានប្រកាសសុពលភាព ខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព គណនេយ្យ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះអាណាព្យាបាលបច្ចេកទេស និង អាណាព្យាបាលហិរញ្ញវត្ថុ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕