(ភ្នំពេញ)៖ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសំណេះសំណាល និងទទួលដំណើរនិវត្តន៍របស់ក្រុមហាជ្ជីផ្លូវការកម្ពុជាចំនួន១៩រូប បន្ទាប់ពីបំពេញកាតព្វកិច្ចហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយជោគជ័យ សម្រាប់ជើងទី១។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យហាជ្ជឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឲ្យមនុស្សចំនួន១៣០១នាក់ បានបាត់បង់ជីវិត ដោយសារការដើរលើផ្លូវឆ្ងាយក្រោមកម្តៅថ្ងៃ គ្មានទីជំរក និងកន្លែងសម្រាកសមរម្យ មួយចំនួនជាមនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

ទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកដែលបានស្លាប់ដោយសារការឡើងកម្តៅខ្លាំងនេះ ភាគច្រើនជាអ្នកទៅដោយខុសច្បាប់ គឺពួកគាត់ទៅក្នុងនាមអ្នកទេសចរ អ្នកទៅប្រកបមុខរបរផ្សេងៗ ហើយបានឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យនេះ ជាមួយអ្នកដែលទៅស្របច្បាប់ ប្រមាណជាង ១លាន៨សែននាក់ មកពីបណ្តាប្រទេសនានា នៅជុំវិញពិភពលោក។

លោកបន្ថែមថា អ្នកទៅធ្វើបុណ្យហាជ្ជស្របច្បាប់គឺ មានកន្លែងស្នាក់នៅត្រឹមត្រូវ មានអ្នកមើលថែសុខភាពជាប្រចាំនោះ គឺពុំមានផលប៉ះពាល់ដល់អាយុជីវិតដោយសារអាកាសធាតុឡើងកម្តៅនោះទេ ក្នុងនោះក៏មានសាសនិកឥស្លាមកម្ពុជាផងដែរ ដោយគិតមកដល់ពេលនេះពុំទាន់មានអ្នករងផលប៉ះពាល់ដោយសាររលកកម្តៅនោះទេ ប៉ុន្តែក្រុមហាជ្ជកម្ពុជា បានបាត់បង់ជីវិតម្នាក់ ដោយជំងឺសួតរាំរ៉ៃ ទោះបីជាមានការពិនិត្យសុខភាពនៅមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់ក៏ដោយ។

សម្រាប់ឆ្នាំ២០២៤នេះ សាសនិកឥស្លាមកម្ពុជា បានចេញដំណើរទៅធ្វើបុណ្យហាជ្ជីនេះ សរុប៩១០ក្នុងនោះ ព្រះចៅសាល់ម៉ាន ពិន​ អាប់ឌុលអាហ្ស៊ីស អាល់ស៊ូអ៊ូទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានព្រះរាជទានដល់សាសនិកឥស្លាមកម្ពុជា ចំនួន១៩រូប ព្រមទាំងមានការឧបត្ថម្ភបដិភាគ ចំនួន៥០រូបផងដែរ គិតជាថវិកាសរុបជាង៥.៥លានដុល្លារអាមេរិក។

លោកថ្លែងថា នេះក៏ដោយសារប្រជាពលរដ្ឋមានលទ្ធភាព និងមានជីវភាពធូធារ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត ដែលកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន។

នៅឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីន បានព្រះរាជទានដល់សាសនិកឥស្លាមនៅលើពិភពលោកទៅធ្វើបុណ្យហាជ្ជចំនួន២៣២២ មកពីបណ្តាប្រទេសចំនួន៨៨ ខណៈការផ្តល់ព្រះរាជទាននេះ បានផ្តល់ជារៀងរាល់ឆ្នាំ ដែលមានរយៈពេលប្រមាណ២៦ឆ្នាំមកហើយ ដោយមានសាសនិកឥស្លាមចំនួន៦ម៉ឺននាក់។ ក្នុងចំណោមចំនួន២៣២២នាក់ខាងលើ ក្នុងនោះ មានប្រជាជនប៉ាឡេស្ទីនចំនួនប្រមាណ១ពាន់នាក់។

សូមជម្រាបថា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បងប្អូនសាសនិកឥស្លាមកម្ពុជាទាំង់ជិត ៩០០ នាក់ទៀត នឹងត្រូវវិលត្រឡប់មកកម្ពុជាជាបន្តបន្ទាប់ ខណៈដែលអ្នកវិលត្រឡប់មកដល់មាតុប្រទេសវិញនាថ្ងៃនេះមាន ចំនួន១៩នាក់ គឺជាភ្ញៀវពិសេស របស់ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត៕