(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង ជាក់ស្តែងបន្ទាប់ពី បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥៦នាក់ នាយប់ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងនោះធ្វើការអប់រំ និងបញ្ជូនទៅតុលាការមួយចំនួនផងនោះ នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៤ មានក្មេងទំនើង ០៣ក្រុមផ្សេងទៀត សរុប ១៦នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបន្ថែម ក្នុងនោះរួមមានក្រុម DB (Date Boy) ចំនួន ០៨នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងក្រុម DP (Doun Penh) ចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុចភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុមសិស្សសាលា ចំនួន០៤នាក់ ដែលកំពុងប្រមូលផ្ដុំគ្នាជក់បារីអេឡិចត្រូនិច (វ៉េប) ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន នៅចំណុចមាត់ព្រែករំដោះទឹក ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវជាថ្មីម្តងទៀត សូមអាណាព្យាបាល ដែលធ្លាប់តែបណ្តោយឱ្យកូនក្លាយជាទំនើងទាំងអស់ សូមចូលរួមយកចិត្តទុកដាក់អប់រំកូន និងតាមដានកូន ឱ្យបានហ្មត់ចត់បំផុត។ រីឯក្មួយៗដែលបានចូលរួមក្នុងក្រុមក្មេងទំនើងកន្លងមក ឆាប់កែខ្លួនជាបន្ទាន់ ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សា សូមប្រឹងប្រែងរៀនសូត្រ កុំទំនើងតាមគ្នា គេចម៉ោងរៀនទៅជួបជុំផឹកស្រា លេងល្បែង ជក់គ្រឿងញៀន ជក់កញ្ឆា ជក់បារី ជក់វ៉ែប ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាលប៉ះពាល់ដល់ការចងចាំ បង្កជាជំងឺថប់អារម្មណ៍ បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បំផ្លាញអនាគតខ្លួនឯង។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕