(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គោលដៅចំបងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត សំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

លោកអភិបាលខេត្ត បន្តទៀតថា កន្លងមក ការអភិវឌ្ឍវិស័យទេសចរណ៍នេះ បានធ្វើឱ្យលំហូរភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តយ៉ាងច្រើន ហើយបានធ្វើឱ្យការនាំចេញនូវផលិតផលក្នុងស្រុក នៅនឹងកន្លែងមានការកើនឡើង និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវចំណូលពីវិស័យនេះជាច្រើន។

ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានសក្តានុពលក្នុងខេត្ត។

គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើសយកវិស័យទេសចរណ៍នេះមកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែង ត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត មានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកទាំងអស់ បន្តគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកំពតឱ្យបានស្អិតរមួតក្នុងការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងបន្តជួយគាំទ្រ ផ្តល់មតិយោបល់ផ្សេងៗ លើគម្រោងអភិវឌ្ឍន៍នានា ដែលរដ្ឋបាលខេត្តបានដាក់ចេញ ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស។

លោកអភិបាលខេត្ត ក៏បានរំលេចដែរថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិកាយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្យនេះមានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាទ ដោយលេខម៉ោង គឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀត ជារចនាបទខ្មែរ ហើយរដ្ឋបាលខេត្ត ក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្ត ជាបណ្តើរៗនៅចុងខែមិថុនានេះ។

ជាមួយគ្នានេះលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលទើបចូលកាន់តំណែងថ្មីបានថ្លែងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្ត ដែលក្នុងអាណត្តិទី៣ កន្លងមក បានធ្វើឱ្យខេត្តកំពត មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកប្រធានក្រុមប្រឹក្សា បានបន្តថា សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៤នេះ និងបន្តខិតខំប្រឹងប្រែងរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដែលមានសក្តានុពលក្នុងខេត្ត ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ៕