(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ មណ្ឌលឆដ្ឋបូជនីយដ្ឋាន នៅឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលគ្រោងចំណាយថវិកាសាងសង់ជិត ២ម៉ឺនដុល្លារ​ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនតាជី​ យាយជី​ និងប្រជាពលរដ្ឋក្រីក្រជាង ១០០នាក់។

ថ្លែងនាឱកាសនោះលោក ហាស់ វ៉ារី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងរួមកម្លាំងគ្នារៀបចំឱ្យមានកម្មវិធីនេះឡើងផងដែរ។

លោក ហាស់ វ៉ារី បានឱ្យដឹងថា មណ្ឌលឆដ្ឋបូជនីយដ្ឋាន ដែលបានសាងសង់ឡើងនៅទីនេះដែលមានលោក លឹម លីន ជាអ្នកគ្រប់គ្រងថែរក្សាផ្ទាល់ ដើម្បីទុកជាទីកន្លែងសម្រាប់លោកតា លោកយាយ ធ្វើបតិបត្តិសមាទានធុតង្គ និងសមាធិវិបស្សនា ដើម្បីទទួលបាននូវពុទ្ធិ និងចំណេះដឹងបន្ថែមទៀតក្នុងការពង្រឹងបញ្ញា ស្មារតី និងការអប់រំផ្លូវចិត្តតាមធម៌វិន័យ អ្វីដែលពិសេសជាងនេះទៀតនោះគឺសម្រាប់ផ្តល់ជាទីតាំងក្នុងការរៀបចំបញ្ចុះសពបងប្អូនដែលមានជីវភាពខ្វះខាតផងដែរ។

លោក ហាស់ វ៉ារី បានបញ្ជាក់ដែរថា​ រាល់សកម្មភាពដែលអាចធ្វើបានដូចនេះ គឺកើតចេញបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជណកម្ពុជា។ ព្រោះតែមានសន្តិភាពនេះហើយ ទើបយើងមានឱកាសធ្វើបុណ្យ ធ្វើកុសល សាងសេចក្តីល្អ លាងជម្រះសម្អាតផ្លូវចិត្តរបស់យើងឱ្យបានស្អាតល្អផូរផង់ លុបបំបាត់ចោលនូវគំនំគុំគួន ការព្យាបាទគ្នា តាមមាគ៌ាសន្តិភាព ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់បង្ហាញផ្លូវដល់យើងទុកគោរពប្រតិបត្តិ។

លោកបានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ភាគច្រើនគឺជាពុទ្ធសាសនិកជនតែងតែទំនុកបម្រុងព្រះពុទ្ធសាសនាធ្វើបុណ្យ ធ្វើកុសលជាប្រចាំទាំងអាណាចក្រនិងពុទ្ធចក្រ។ គណបក្សប្រជាជនកម្ពុជាខិតខំកសាងនិងបង្រួបបង្រួមប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍមកដល់សព្វថ្ងៃ។

បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកនៅតែខិតខំបន្តរពង្រឹងពង្រីកនិងងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមលំអានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលតែងតែកសាងនិងដឹកនាំប្រទេសឱ្យមានភាពរីកចម្រើនលូតលាស់លើគ្រប់វិស័យផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីនេះក្រៅពីការរៀបចំតាមពិធីសាសនាហើយនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោក ហាស់ វ៉ារី ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋក្រីក្រជាង ១០០នាក់ ដោយក្នុងនោះពលរដ្ឋដែលងាយរងគ្រោះ ១៦គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១បេ មី ១កេស ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកដោះគោ ស្ករស អំបិល បីចេង សារ៉ុង ក្រមារ និងថវិកា ៥៥០០០រៀល។

ដោយឡែកយាយជី យាយជី ១០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ក្រណាត់ស ១ដុំ ថវិកា ២០០០០រៀល ជូនលោកអភិបាលរងស្រុកមុខកំពូលថវិកា ២០០ ០០០រៀល ជូនលោកមេឃុំរការកោងទី២ ២០០ ០០០រៀល ជូនកម្លាំងប្រជាការពារ ១៣នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ២០ ០០០រៀលផងដែរ៕