(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីជនបទ ក៏ដូចជាការដឹកជញ្ជូនកសិផល ជាពិសេសនៅក្នុងរដូវវស្សានេះ។

ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃផ្លូវជនបទ និងសំណេះ សំណាលជាមួយពលរដ្ឋរស់នៅអមសងខាងផ្លូវ ស្ថិតក្នុង ស្រុកគិរីវង់ ខេត្តតាកែវ, ស្រុកអូរជ្រៅ និងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ និង២៦ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាម ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់រាជរដ្ឋាភិបាលទី៧ នៅតែចាត់ទុក និងដាក់ចូលវិស័យនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

បណ្ឌិតរដ្ឋលេខាធិការ បានបនុ្តថា មួយវិញទៀតការអភិវឌ្ឍផ្លូវជនបទ ដើម្បីតភ្ជាប់រវាងទីជនបទ និងទីប្រជុំជន ឬទីក្រុងឱ្យកាន់តែខិតជិតគៀកគ្នា ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជាពិសេស ការនាំយកកសិផល ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស។

លោកបណ្ឌិត នួន ដាញ៉ិល បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការប្រែក្លាយផ្លូវជនបទ ដែលពីមុនមាន សភាពភក់ជ្រាំ លំបាកក្នុងការធ្វើដំណើរនេះ វាជួយកាត់បន្ថយពេលវេលា ថវិកា មានសុវត្ថិភាព មិនបង្កការរំខានសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ កាន់តែឆាប់រហ័សជាងមុនដែលទាំងនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល មិនថាត្រឹមតែនៅខេត្តតាកែវមួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេស។

ជាមួយនេះ លោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំ កុំដឹកលើសទម្ងន់កម្រិតកំណត់ មិនកាយកាប់គាស់ផ្លូវ មិនចង់សត្វពាហនៈលើផ្លូវ ឬចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ដែលធ្វើឱ្យមានទឹកដក់ ពេលមានភ្លៀងម្ដង បង្កឱ្យខូចផ្លូវជាដើម។

ប្រជាពលរដ្ឋបានបង្ហាញនូវការសប្បាយរីករាយ ដែលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ហើយការអភិវឌ្ឍនូវផ្លូវនេះ គឺបានឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់ ដែលចង់បានកន្លងមក។

គួរបញ្ជាក់ថា ផ្លូវដែលគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃ ទី១៖ គម្រោងផ្លូវចាក់កៅស៊ូ២ជាន់ (DBST) ប្រវែង ៤,៩០០ម៉ែត្រ ស្ថិតក្នុងភូមិជ្រោយស្លែង ភូមិជើងបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់, ទី២៖ គម្រោងផ្លូវនៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ប្រវែង ៥,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងទី៣. គម្រោងផ្លូវ នៅភូមិកំបោរ ភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ប្រវែង ១២,៦០០ម៉ែត្រ ប្រភពថវិកាពីរាជរដ្ឋាភិបាល ស្ថាបនាដោយកងវិស្វកម្មលេខ១៨១ របស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដឹកនាំស្ថាបនាដោយឧត្តមសេនីយ៍ទោ ជា ស៊ីថន៕