(ឡាវ)៖ នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូកម្ពុជាដឹកនាំដោយដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាមួយ UNODC និងបណ្តាប្រទេសហេត្ថលេខីនៃមហា អនុតំបន់ទន្លេមេគង្គ បានអញ្ជើញចូលរួមការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបកែវ ប្រទេសឡាវ (ត្រីកោណមាស)។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឱ្យដឹងថា ប្រតិភូប្រទេស MOU ទាំងអស់ បានចូលទស្សនាស្វែងយល់ និងសម្ពោធដាក់ឱ្យដំណើរការនូវសារមន្ទីរគ្រឿងញៀន និងចូលរួមរត់ពាក់កណ្តាលមារ៉ាតុងដើម្បី បង្ហាញពីឆន្ទះរួមគ្នាយកចិត្តទុកដាក់ លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមូលស្មារតីមហាជនឱ្យរួមគ្នាស្អប់ខ្ពើម បដិសេធ «ឆ្លើយថាទេចំពោះគ្រឿងញៀន» ដែលតែងតែនាំមកនូវមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោក ខាំឃីង ភូឡាមុនីវង្ស អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ (ឡាវ) បានថ្លែងអំណរគុណថ្នាក់ដឹកនាំតំណាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនពីបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គទាំងអស់ និងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ដែលបានចូលរួមជាមួយប្រទេសឡាវក្នុងស្មារតីរួមឆន្ទះតែមួយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរបស់យើងទាំងអស់គ្នា  «រួមគ្នាធ្វើឱ្យជិវិត និងសហគមន៍គ្មានគ្រឿងញៀន»

ពីការរត់ប្រណាំងនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានជម្រាបជូនថាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនេះទាញបានបេះដូង អ្នកចូលរួមច្រើនណាស់ផ្តល់ជូនពួកគាត់ នូវការសប្បាយរីករាយ កីឡា សុខភាព និងការប្តេជ្ញាមិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនទេ ហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារគាត់ផងដែរ៕