(កំពង់ចាម)៖ លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដាក់វិធានការយ៉ាងតឹងរឹងដល់អ្នកទទួលការ ខណៈពេលដំណើរការដេញថ្លៃ គម្រោងអភិវឌ្ឍន៍មូលដ្ឋានឃុំព្រៃចារ និងឃុំគោរវៀង ស្រុកជើងព្រៃ ដែលប្រការនេះ បានបង្ករឲ្យដំណើរការដេញថ្លៃ បានប្រព្រឹត្តទៅដោយ មានតម្លាភាព និងគណនេយ្យភាព។

មុនពេលបើកដំណើរការដេញថ្លៃ លោក ឡី មិច បានស្នើអ្នកទទួលការទាំងអស់ សូមកុំឱ្យបង្កភាពរញ៉េរញ៉ៃ និងសូមយកសំណើមកដាក់ដោយមានរបៀបរៀបរយ ចៀសវាងការចាប់ទាញគ្នា ឬស្រែកឡូឡា នៅក្នុងពេលដំណើរការដេញថ្លៃ។

លោកនាយករងរដ្ឋបាល បានបញ្ជាក់ថា ប្រសិនបើមានអ្នកទទួលការណា មិនស្តាប់ ហើយនៅតែបង្កភាពរញ៉េរញៃក្នុងដំណើរការដេញថ្លៃនេះ គណៈកម្មការលទ្ធកម្មនឹងអនុវត្តទៅតាមនីតិវិធី។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការណែនាំយ៉ាងម៉ឺងម៉ាត់ ពីនាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម គេសង្កេតឃើញថា អ្នកទទួលការទាំងអស់បានអនុវត្តតាម និងធ្វើការដាក់សំណើដេញថ្លៃប្រកបដោយសេចក្តីថ្លៃថ្នូរ មានតម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានទាំង២នោះ៖ 

*ទី១៖ ឃុំគោករវៀង សាងសង់ផ្លូវបេតុងអាមេរប្រវែង ០.៥៧០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិទទោល តម្លៃប៉ាន់ស្មាន ៣១១,៨៥១,៤០០រៀល ដេញបានទៅលើក្រុមហ៊ុន យ៉េន ស៊ីនួន ក្នុងតម្លៃ ៩១លានរៀល។
*ទី២៖ ឃុំព្រៃចារ សាងសង់ផ្លូវបេតុងអាមេរប្រវែង ០.៦៧៦គីឡូម៉ែត្រ ទទឹង ៤.៥ម៉ែត្រ និង៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិសៀមបោយ តម្លៃប៉ាន់ស្មាន ៣១២,០៨៧,១០០រៀល ដេញបានទៅលើក្រុមហ៊ុន មន សោភ័ណ្ឌ ក្នុងតម្លៃ ៨៤ លានរៀល៕