(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបសវានាការ ជាមួយលោកវរសេនីយ៍ឯក Eddie Maskell-Pedersen, អនុព័ន្ធយោធាអង់គ្លេស ប្រចាំកម្ពុជា ដែលទើបនឹងទទួលភារកិច្ចជាប្រធានសេនាធិការតំបន់អាស៊ីអាគ្នេយ៍ និងលោកវរសេនីយ៍ឯក Tim O'Brien, អនុព័ន្ធយោធាអង់គ្លេស ប្រចាំរដ្ឋធានីហាណូយ ទទួលបន្ទុកតំបន់ទន្លេមេគង្គ។

លោកឧត្ដមសេនីយ៍ ទោ ប្រាក់ សុទ្ធ បានថ្លែងថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាង៧០ឆ្នាំមកហើយ និងបានពណ៌នាអំពីប្រវត្តិនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កិត្យានុភាពនៃកងកម្លាំង របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប) និងការវាយតម្លៃពី អ.ស.ប ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៥៧០នាក់ (នារី ៨១៨នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

បច្ចុប្បន្នមានចំនួន ៦៣៩នាក់ (នារី១២៥នាក់)  កំពុងបំពេញបេសកកម្មនៅ ៥ប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី (បញ្ចប់បេសកកម្ម ថ្ងៃទី២៨ នឹងមកបញ្ចប់រួចរាល់) អាហ្រិ្វកកណ្តាល និងកុងហ្គោ។ តាមការវាយតម្លៃរបស់ អ.ស.ប នាខែមីនា ឆ្នាំ២០២៤។ កម្ពុជាទទួលបានលំដាប់លេខរៀងទី ២ លើ១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំង។ រីឯការចូលរួមរបស់នារីទទួលបានលេខរៀងទី១៤ លើ១១៩ ប្រទេសដែលបរិច្ចាគកងកម្លាំងចំណែកក្នុងអាស៊ាន កម្ពុជាបន្តទទួលបានលេខ៣ រីឯនារីបន្តទទួលបានលេខ២។

លោកឧត្ដមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា កិច្ចសហការរវាងប្រទេសទាំងពីរ ចក្រភពអង់គ្លេស បានបញ្ជូនកម្លាំងចូលរួមបេសកកម្ម UNTAC ហើយក្នុងនោះក៏មានសមាជិក១រូប ពលីផងដែរ។ ការជួយឧបត្ថម្ភគាំទ្រផ្នែកហ្វឹកហ្វឺន និងសម្ភារៈបច្ចេកទេស មជ្ឈមណ្ឌលជាតិបានបញ្ជូននាយទាហានជាន់ខ្ពស់១រូប ទៅចូលរួមវគ្គគ្រប់គ្រងចំការមីននៅចក្រភពអង់គ្លេស។ បានផ្តល់វគ្គហ្វឹកហ្វឺនសរុបចំនួន៣វគ្គ មានសិក្ខាកាមចំនួន ៤០នាក់ (មជ្ឈមណ្ឌលជាតិ៣០នាក់ និងអាជ្ញាធរមីន ១០នាក់) លើផ្នែកបញ្ជា Drones បានទទួលសម្ភារៈពេទ្យ និង Drones ពីមណ្ឌលសប្បុរសធម៌ ដឹកនាំដោយលោក Terry Burns and Terry Ball។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ទោ ប្រាក់ សុទ្ធ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនដល់លោកវរសេនីយ៍ឯក Eddie Maskell-Pedersen, អនុព័ន្ធយោធាអង់គ្លេស ប្រចាំកម្ពុជា ដែលទើបនឹងទទួលភារកិច្ចជាប្រធានសេនាធិការតំបន់អាស៊ីអាគ្នេយ៍ និងលោកវរសេនីយ៍ឯក Tim O'Brien, អនុព័ន្ធយោធាអង់គ្លេស ប្រចាំរដ្ឋធានីហាណូយ ទទួលបន្ទុកតំបន់ទន្លេមេគង្គផងដែរ។

លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានសម្តែងការគួរសម និងបានពិភាក្សាអំពីប្រវត្តិ និងការវិវត្តន៍នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងវិស័យផ្សេងៗជាពិសេសក្នុងវិស័យការទូត យោធា និងរក្សាសន្តិភាព បានសម្តែងការគួរសម និងស្វាគមន៍ម្តងទៀតបន្ទាប់ពីការសម្តែងការគួរសមពីឆ្នាំមុន និងបានណែនាំខ្លួនលោក Tim O'Brien ដែលអាចត្រៀមទទួលបន្តតំណែងពីលោកបានសួរសុខទុក្ខអំពីកងកម្លាំងកម្ពុជា និងស្ថានភាពជាក់ស្តែងនៅប្រទេសលីបង់បានសរសើរអំពីកងកម្លាំងនារី ដែលបានចូលរួមបេសកកម្មរក្សាសន្តិភាពរួមទាំងស្ថានភាពមីន នៅកម្ពុជាដូចគ្នាផងដែរ។

លោក Tim O'Brien បានលើកឡើងអំពីការហ្វឹកហ្វឺននានាដែលអាចនឹងពិភាក្សាគ្នានាពេលក្រោយពិសេសការត្រៀមបញ្ជូនកម្លាំងកម្ពុជា ទៅបំពេញបេសកកម្មជាសេនាធិការនៅទីក្រុងញូវយ៉ក។

លោកឧត្ដមសេនីយ៍ទោ ប្រាក់ សុទ្ធ ក៏បានសំណូមពររៀបចំវគ្គហ្វឹកហ្វឺនផ្នែករក្សាសន្តិភាព សម្រាប់សិក្ខាកាមនារី ផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរបន្តផ្តល់វគ្គហ្វឹកហ្វឺនរយៈពេលខ្លី មធ្យម វែង លើផ្នែកបញ្ជា UAS និងថ្នាក់ភាសាអង់គ្លេស បញ្ជូននាយទាហានទៅហ្វឹកហ្វឺនបំប៉នបន្ថែមផ្នែករក្សាសន្តិភាពនៅចក្រភពអង់គ្លេស៕