(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។

តាមរយៈសន្និសីទសារព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានពន្យល់យ៉ាងលម្អិតអំពីដំណើររឿង និងគ្រប់ដំណាក់កាលរបស់ស្ថាប័នតុលាការ រហូតសម្រេចឃុំខ្លួនជនដៃដល់ ស្រី ស៉ីណា ជាបណ្ដោះអាសន្ន។

ជនល្មើស ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សពីរនាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា រួមមាន៖ ១៖ បទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ ឆ្នាំ, ២៖បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ១៥ឆ្នាំ និង៣៖បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។

ជាមួយគ្នានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ នូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើ លទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖