(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយ មោទកភាពដល់ការខិតខំប្រឹងប្រែង រហូតដល់បង្កើតបាននូវបណ្តាញទំនាក់ទំនងសង្គមថ្មីមួយ ដែលមាន ឈ្មោះថា CoolApp ដែលជាស្នាដៃរបស់កូនខ្មែរ។ ជាមួយគ្នានេះ រដ្ឋសភា បានអំពាវនាវឱ្យសមាជិក និងអង្គភាពក្រោមចំណុះរបស់ខ្លួន ប្រើប្រាស់បណ្តាញសង្គម CoolApp។

តាមរយៈសេចក្តីប្រកាសនេះ បានឱ្យដឹងថា​CoolApp ដែលប្រើបច្ចេកវិទ្យាទំនើប និងមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍សម្រាប់ទំនាក់ ទំនងក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងទំនាក់ទំនងរវាងគ្នានិងគ្នារបស់ប្រជាពលរដ្ឋទូទៅ ប្រកប ដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាព។

រដ្ឋសភា បានបញ្ជាក់ថា ការចូលរួមប្រើកម្មវិធី CoolApp នេះឱ្យបានច្រើន កុះករ និងជួយលើកទឹកចិត្តដល់កូនខ្មែរយើងឱ្យខិតខំសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀតនៅក្នុងយុគសម័យ ឌីជីថល។ បច្ចេកវិទ្យាជាអាទិភាពគន្លឹះមួយរបស់រដ្ឋសភា ជាពិសេស របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាម រយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលក្នុងនោះ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាការងារស្នូល។

CoolApp បានលេចចេញឡើង ស្របពេលដែលរដ្ឋសភា បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធ្វើទំនើបកម្មស្ថាប័នឆ្ពោះទៅកាន់សភាឌីជីថល។ អាស្រ័យហេតុនេះ រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា សូមលើកទឹកចិត្ត និងអំពាវនាវដល់សមាជិក-សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមមេត្តាចូលរួមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp ដែល ជាស្នាដៃរបស់កូនខ្មែយើងនេះឱ្យបានគ្រប់ៗគ្នា៕