(ទីក្រុងឡុងដ៏, អង់គ្លេស)៖ កម្ពុជា បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តស្មារតីនៃកិច្ចសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយ ដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន។

នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្នុងកម្មវិធីបិទកិច្ចពិភាក្សាកម្រិតនយោបាយ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសនោះ បណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ដែលចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តឥតងាករេចំពោះគោលដៅរួម ដើម្បីពិភពលោកមួយដែលគ្មានមីន ហើយលោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការជួបជុំនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការលះបង់រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវភាពរឹងមាំ នៃភាពជាដៃគូសកល ផងដែរ។

លោកបណ្ឌិត លី ធុជ បានលើកឡើងថា តាមរយៈការពិភាក្សារយៈពេល៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៤ បានពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពនៃផែនការសកម្មភាពអូស្លូ ដោយកំណត់បញ្ហាប្រឈម ឱកាសខាងមុខ និងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួម។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នា បង្កើតអនុសាសន៍ណែនាំ ដែលអាចអនុវត្តបានក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដោយសង្កត់ធ្ងន់លើការសហការគ្នារវាងម្ចាស់ជំនួយ ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមក្នុងការអនុវត្ត និងការរាយការណ៍យ៉ាងទូលំទូលាយ ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែង និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តស្មារតីនៃការសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន ហើយផែនការសកម្មភាពសៀមរាប-អង្គរ នឹងកសាងលើភាពជោគជ័យ និងមេរៀនបានពីផែនការសកម្មភាពអូស្លូ និងការពិភាក្សានៅ Wilton Park ដើម្បីធានាបាននូវវឌ្ឍនភាពបន្តឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន៕