(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។

បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។

សូមជម្រាបជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្តាក្រុមហ៊ុន ដែលវិនិយោគវិស័យកៅស៊ូនៅកម្ពុជាផងដែរ៕