(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កញ្ញា ឃុន ណៃហៀក បានលើកឡើងថា របាយការណ៍ដែលមានភាពត្រឹមត្រូវ គឺការធ្វើរបាយការណ៍គ្មានភាពលំអៀង ដោយមិនជ្រើសរើសយកតែជ្រុងសហជីពណាដែលមានទំនោរប្រឆាំងរដ្ឋាភិបាល ប្រឆាំងនិយោជកនោះឡើយ។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានធ្វើឡើងបន្ទាប់ពី អង្គការសង់ត្រាល់បានចេញរបាយការណ៍មួយដោយរិះគន់ចំពោះស្ថានភាពសហជីពនៅកម្ពុជា។ តែទោះជាយ៉ាងនេះក្តី អង្គការនេះ បានសារភាពថា ការប្រមូលព័ត៌មាន និងរបាយការណ៍របស់ខ្លួនមានវិសាលភាពតូចដែលជាហេតុធ្វើឱ្យមានការតវ៉ាជាហូរហែមកនេះ។

អង្គការនេះបញ្ជាក់ដូច្នេះថា៖ «បើផ្អែកលើទិដ្ឋភាពវិធីសាស្ត្រក្នុងការប្រមូលព័ត៌មាន របាយការណ៍នេះ មានវិសាលភាពតូចនៅឡើយដោយសារសំណាកមានចំនួនតិចក្នុងចេតនាឱ្យយើងឃើញថានេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ»

តាមរយៈបណ្តាញសង្គម កញ្ញា ឃុន ណៃហៀក បានបញ្ជាក់ថា អង្គការសង្គមស៊ីវិល និងសហជីពចំនួនហាក់បីដូចជាមានតែសកម្មភាពប្រឆាំងនឹងនិយោជកប្រឆាំងរដ្ឋាភិបាល ហើយបម្រើឱ្យរបៀបវារៈរបស់ជនបរទេស ម្ចាស់ជំនួយមួយចំនួនតែប៉ុណ្ណោះ គឺមិនបានខ្វល់ខ្វាយពីសុខទុក្ខ ជួយដោះស្រាយបញ្ហា បម្រើប្រយោជន៍ជូនបងប្អូនកម្មករ បងប្អូនពលករពិតប្រាកដនោះឡើយ៕