(បារាំង)៖ លោក ឡាយ ឡាត់ អតីតជាគ្រូសូត្រឆ្វេងប្រចាំវត្តសាមគ្គីរង្សី ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង មានតួនាទី អគ្គលេខាសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការវត្តចន្ទរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម បានចេញវីដេអូ និងសរសេរសារសូមអភ័យទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសដ៏ធ្ងន់ធ្ងរកន្លងមកដែលធ្វើចលនាប្រឆាំងសម្តេច ដោយសារតែខ្លួនជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី។
តាមរយៈវីដេអូ និងសារលិខិតនេះ លោក ឡាយ ឡាត់ បានលើកឡើងថា៖ «ខ្ញុំបាទសុំធ្វើការអភ័យទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក ខ្ញុំបាទបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ និងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរបំផុត ដែលខ្ញុំបានដឹកនាំចូលរួមធ្វើចលនាប្រឆាំងសម្តេចតេជោតាំងពីនៅព្រះសង្ឃនៅក្នុងវត្តសាមគ្គីរង្សី ចូលរួមដឹកនាំបាតុកម្មនៅក្រៅប្រទេស ពិសេសប្រទេសបារាំង ស្វីស ប៊ែលហ្សិក.... និងបានរៀបចំសម្រួលគ្រប់បែបយ៉ាងឱ្យ សម រង្ស៉ី បានចូលក្នុងកម្មវិធីក្នុងវត្តច័ន្ទរង្សីនៅបារាំង(វត្តខ្មែរកម្ពុជាក្រោម) ដោយជំទាស់ជាមួយគណៈកម្មការ និងព្រះសង្ឃសម្រួលឱ្យ សម រង្ស៉ី បានថ្លែងយកវេទិកាបុណ្យក្នុងវត្តកេញចំណេញនយោបាយ»។
លោកបានបន្តថា៖ «ខ្ញុំបាទ បានគិតខុសជឿតាមការញុះញង់ពីក្រុមប្រឆាំងដោយមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ និងដោយកន្លងមកខ្ញុំបាទ បានឃើញ និងដឹងខ្លួនដោយការលះបង់របស់សម្ដេចដ៏ធំធេងសម្រាប់ប្រទេសជាតិជាពិសេសការប្តូរយកសន្តិភាព ដោយយកជីវិតទៅប្តូរជាជាពិសេសសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្តេចទើបតែឡើងធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានបំពេញការងារដើម្បីជាតិ ទំនាក់ទំនងការទូតជាមួយអន្តរជាតិអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះ គឺអញ្ជើញមកសាធារណរដ្ឋបារាំងដែលជាប្រវត្តិសាស្ត្រដំបូងបំផុតសម្រាប់ប្រទេសកម្ពុជា ដែលសហគមន៍អឺរ៉ុបបានក្រាលកំរាលព្រំក្រហមស្វាគមន៍ទទួលសម្តេចបវរធិបតីស្មើមុខស្មើមាត់លើឆាកអន្តរជាតិធ្វើឱ្យក្រុមប្រឆាំងជាច្រើនភ្ញាក់ខ្លួនជាច្រើន»។
លោកបានបន្តថា «អ្វីដែលធ្វើឱ្យខ្ញុំបានកាន់តែអស់ជំនឿទៅលើ សម រង្ស៉ី ជាពិសេសបក្សប្រឆាំងដែលខ្ញុំធ្លាប់ជួយជាកម្លាំងចិត្តថវិកាដែលមាន សម រង្ស៉ី នៅពីក្រោយបែកបាក់ផ្ទៃក្នុង តែងតែប្រឆាំងការអភិវឌ្ឍការរីកចម្រើនជាន់ឈ្លីនៅកិត្តិយសជាតិជាពិសេសដើរញុះញង់ឲ្យអន្តរជាតិផ្តាច់ជំនួយ EBA ដែលជាឆ្នាំងបាយកម្មករកម្មការិនីប្រជាពលរដ្ឋកម្ពុជា។ អ្វីដែលខ្ញុំបាទហួសចិត្តបំផុត គឺការរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលព្រែកនេះ មានផលប្រយោជន៍សម្រាប់នាវាចរណ៍ វិស័យកសិកម្ម ទីផ្សារ ជាពិសេសយើងមានច្រមុះ សម្រាប់ដកដង្ហើមខ្លួនឯងសម្រាប់កម្ពុជា បែរជាទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី រារាំងដោយចោទមកលើរាជរដ្ឋាភិបាលថា ដាក់កងទ័ពប្រជាជនចិនទៅវិញ។ ការរារាំងនេះតែងតែលាបពណ៌វ៉ៃប្រហារមកលើ សម្តេចអគ្គសេនាបតីតេជោ បម្រើផលប្រយោជន៍ប្រទេសជិតខាងតែជនក្បត់ជាតិនេះ មិនទាន់បានធ្វើអ្វីផងស្រែកប្រកាសកាត់ខេត្តបីឲ្យទៅពួកយួនម៉ុងតាទៅវិញ»។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ «ដោយឃើញសកម្មភាពចេតនារបស់ជនក្បត់ជាតិបីជំនាន់សមរង្ស៉ីការធ្វើបំផ្លាញជាតិសាសន៍ឯង បម្រើផលប្រយោជន៍បរទេសចូលរួមជាមួយ វិទ្យុអាស៊ីសេរីផ្សព្វផ្សាយបំផ្លើសការ ពិតនិយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនទៅវិញ»។
ជាចុងបញ្ចប់ លោកបានស្នើសុំចូលរួមជីវភាពនយោបាយ និងសុំចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកបញ្ជាក់ថា លោកមិនចង់បានអ្វីទាំងអស់ សូមត្រឹមតែបានចូលសូមអភ័យទោសកំហុសក្រាបសំពះ សូមការសណ្តោសដោយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជាតែប៉ុណ្ណោះ៕