(ភ្នំពេញ)៖ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានថ្លែងថា លោកចង់ឲ្យមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» កែរបាយការណ៍ដែលបានបំភ្លៃពាក់ព័ន្ធនឹងស្ថានភាពសហជីព មិនមែនឲ្យចេញសេចក្តីបំភ្លឺបន្ថែមឡើយ។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា ខ្លួនបានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និង សហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។ ក្រោយមក ដោយមានការតវ៉ាខ្លាំងពីសហជីពនានានៅកម្ពុជា សង់ត្រាល់ បានចេញសេចក្តីបំភ្លឺទទួលស្គាល់ថា​ ខ្លួនបញ្ចេញរបាយការណ៍ ដែលមានវិសាលភាពតូចនៅឡើយ។

ក្នុងសន្និសីទព័ត៌មានមួយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក សួង ហួត បានថ្លែងថា របាយការណ៍ត្រូវតែលក្ខណៈដូចខាងក្រោម៖

* ផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់នៃការប្រព្រឹត្តទៅ និងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមពាក់ព័ន្ធនឹងសហជីព និងអង្គការសង្គមស៊ីវិល
* ការសិក្សាចងក្រងរបាយការណ៍ត្រូវមានវិធីសាស្រ្តក្នុងការប្រមូលព័ត៌មាន ដោយមានភាពជាតំណាងត្រឹមត្រូវ ការសម្ភាស និងប្រភពព័ត៌មានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមិនមែន ដោយកំណត់គំរូសំណាកសម្រាប់ផ្តល់ព័ត៌មានគ្រប់ជ្រុង មិនមែនយកតែសហជីព១ឬ២ ហើយដដែលៗមកធ្វើគំរូសំណាកទេ
* ត្រូវមានការវិភាគទិន្នន័យ ការវាយតម្លៃតាមបែបវិទ្យាសាស្រ្ត ដោយអ្នកជំនាញ ដោយធានាភាពឯករាជ្យ និងមិនលំអៀង
* ត្រូវគិតពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៅក្នុងសង្គម
* ត្រូវលើកពីបញ្ហាប្រឈម វឌ្ឍនភាពនិងស្នាដៃដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក
* ត្រូវផ្តល់ជាអនុសាសន៍ដោះស្រាយបញ្ហាប្រឈមដ៏ត្រឹមត្រូវ។

បើតាមលោក លោក សួង ហួត បញ្ជាក់ថា «របាយការណ៍នេះបើសិនជាយើងគ្រាន់តែអានដោយមិនវិភាគ នោះយើងនិងយល់ថាវាមិនមានអ្វីធ្ងន់ធ្ងរទេ ក៏ប៉ុន្តែបើសិនជាយើងអានដោយមានការវិភាគនោះ យើងនឹងមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃរបាយការណ៍នេះ។ ព្រោះថា បើសិនអ្នកវិនិយោគដែលចង់មកវិនិយោគនៅកម្ពុជា គេឃើញរបាយការនេះគេនិងលែងមកហើយ ដោយសារថាកម្ពុជាអត់មានសេរីភាពសហជីព។ ចំពោះអ្នកបញ្ជាទិញបើគេមើលឃើញរបាយការណ៍នេះ គេនឹងឈប់បញ្ជាទិញទំនិញពីកម្ពុជាដោយសារគ្មានសេរីភាពកម្មករ ហើយបើគេឈប់បញ្ជាទិញសួរថា រោងចក្រនៅកម្ពុជាជិត២០០០ ហើយកម្មករជាង១លាននាក់គាត់ទៅជាយ៉ាងណា?»។

លោក សួង ហួត បានព្រមានថា បើសិនជាសង់ត្រាល់ មិនព្រមកែរតម្រូវរបាយការណ៍របស់ខ្លួនតាមការស្នើសុំ NACC ក៏មិនបញ្ឈប់ត្រឹមហ្នឹងទេ។ NACC នឹងពិភាក្សាគ្នា ឬសហការគ្នាជាមួយសហជីពជាដៃគូរផ្សេងទៀតដើម្បីធ្វើរឿងនេះបន្ថែម។

លោកបន្តថា មូលហេតុដែលសហជីពចោទសង់ត្រាល់ថា បានញុះញង់ឲ្យមានការរើសអើងព្រោះ តាមរយៈការប្រើពាក្យ សហជីពឯករាជ្យឬអង្កការឯករាជ្យ សង់ត្រាល់តែងតែនិយាយថាខ្លួនឯងជាអង្គការឯករាជ្យ ប៉ុន្តែតាមរយៈរបាយការណ៍ដែលសង់ត្រាល់បានចេញរួមទាំងសកម្មភាព ដែលសង់ត្រាល់បានធ្វើ និងកំពុងបន្តធ្វើ គឺបានបង្ហាញយ៉ាងច្បាស់ពី ភាពលំអៀង៣៦០ ដឺក្រេ។

លោក សួង ហួត សួរថា សង់ត្រាល់ឯករាជ្យត្រង់ណាបើសង់ត្រាល់ទទួលជំនួយពីបរទេស ហើយធ្វើសកម្មភាពដើម្បីបម្រើបរទេស? ជាក់ស្តែង ការធ្វើរបាយការណ៍នេះ គឺមិនបានគោរពនូវគោលការណ៍សុក្រឹតភាព មិនមានឯករាជ្យភាព ពិតប្រាកដ របាយការណ៍បំផ្លើសបំភ្លៃ លំអៀង ដើម្បីបម្រើផលប្រយោជន៍អង្គការចាត់តាំងណាមួយ ឬក្រុមណាមួយ ឬប្រទេសណាមួយនោះ។ ក្នុងនោះដែរ នៅពេលដែលគេរកឃើញថា របាយការណ៍នោះមិនឆ្លុះបញ្ចាំងពីការពិត មានភាពលំអៀង មានរបៀបវារៈបម្រើក្រុម ឬអង្គការ ឬប្រទេសណាមួយ នោះសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះត្រូវទទួលខុសត្រូវលើការចេញផ្សាយរបាយការណ៍របស់ខ្លួន។

លោក សួង ហួត សង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នាជាតំណាង កម្មករ និយោជិតជាង៣២០,០០០នាក់ មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួម របស់កម្មករ។ ជាចុងក្រោយ យើងសូមស្នើសុំក្រសួងមហាផ្ទៃមេត្តាពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេស ក៏ដូចជាពិនិត្យការអនុលោមច្បាប់ និងលក្ខន្តិកៈរបស់សង់ត្រាល់ហើយចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលសង់ត្រាល់មិនមានអនុលោមភាពតាមច្បាប់ និងលក្ខខន្តិកៈរបស់ខ្លួន»៕