(រតនគិរី)៖ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តរតនគិរី បានចុះអន្តរាគមន៍ករណីដង្កូវហ្វូងរាតត្បាតស្រូវក្នុងស្រុកចំនួន៣ និងហ្វូងដង្កូវស៊ីដំណាំដំឡូងមីប្រជាពលរដ្ឋប្រជាពលរដ្ឋក្នុងស្រុកចំនួន៣។

លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រ ផលិតភាពកសិកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា ដោយមានការណែនាំពីលោក សយ សូណាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារបច្ចេកទេសបានចុះជួយអន្តរាគមន៍កំចាត់ហ្វូងដង្កូវ រាតត្បាតលើ ដំណាំស្រូវ និងហ្វូងដង្កូវស៊ីដំណាំដំឡូងមី។

គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស បានចុះទៅស្រុកដែលជាគោលដៅត្រូវហ្វូងដង្កូវ បំផ្លាញដំណាំស្រូវមានចំនួន៣ស្រុក ឃុំចំនួន៤ និងភូមិចំនួន៤ ដែលសរុបផ្ទៃដីដំណាំស្រូវចំនួន៤៣០ហិកតា ក្នុងនោះមាន៖

*ស្រុកវ៉ើនសៃ ក្នុងឃុំភ្នំកុក ភូមិកុកព្រៅ លើផ្ទៃដី ២០ហិកតា
*ស្រុកលំផាត់ ឃុំល្បាំង១ ភូមិកាឡែង ចំនួន ២ហិកតា និង ឃុំ សេដា ក្នុងភូមិកែងសាន់ ចំនួន ៤០០ហិកតា
*ស្រុកអូយ៉ាដាវ ក្នុងឃុំបរខាំ ចំណុចភូមិដេស ចំនួន ៨ហិកតា។

ចំពោះដង្កូវហ្វូងដែលបំផ្លាញស្លឹកដំណាំដំឡូងមី មានស្រុកចំនួន៣,ឃុំចំនួន៥ និងភូមិចំនួន៥ ដែលសរុបផ្ទៃដីដំណាំដំឡូងមីត្រូវដង្កូវហ្វូង វាយប្រហារចំនួន ១៥ហិកតា ក្នុងនោះមានស្រុក៖

* ស្រុកលំផាត់ ក្នុងឃុំជ័យឧត្តម ភូមិអូកាន ចំនួន ៤,៥ហិកតា,ឃុំល្បាំង១ ចំណុចភូមិកាលែងចំនួន ២ហិកតា
*ស្រុកវ៉ើនសៃ ឃុំភ្នំកុក ភូមិកុកព្រៅ ចំនួន ៤,៥ហិកតា, ឃុំកាជន ភូមិទៀមលើ ចំនួន២ហិកតា
*ស្រុកអូរយ៉ាដាវ ឃុំសោមធំ ភូមិសោមគល់ ចំនួន២ហិកតា។

លោក សែម រឿន បានបញ្ជាក់បន្ថែមថា សម្រាប់ខេត្តរតនគិរី ដង្កូវហ្វូង ដែលបំផ្លាញទៅលើដំណាំស្រូវ និងដំណាំដំឡូងមីប្រជាពលរដ្ឋនៅក្នុងខេត្ត គឺចាប់ផ្ទុះឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ។

ក្នុងកិច្ចប្រតិបត្តិការកំចាត់ដង្កូវវង្សនេះ មន្ទីរកសិកម្ម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងក្រុមហ៊ុនដ្រូនកម្ពុជា ( CAD ) បានធ្វើការចុះពិនិត្យផ្សព្វផ្សាយបច្ចេកទេស និង វិធានការការពារការណែនាំអំពីវិធានការគ្រប់គ្រង និងណែនាំឲ្យកសិករឧស្សាហ៍ចុះពិនិត្យចំការ និងស្រែជាប្រចាំ ចៀសវាងការខកខានចុះទៅពិនិត្យធ្វើឲ្យការវាយប្រហារពីដង្កូវហ្វូងទៅលើដំណាំ និងស្រូវរបស់យើង។

លោកប្រធានការិយាល័យរូបនេះ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានបញ្ហាដោយសត្វបំផ្លាញសូមទាក់ទងមកអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ដើម្បីផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញមន្ទីរកសិកម្មចុះអន្តរាគមន៍ បានទាន់ពេលវេលា ព្រោះមន្ទីរមានសម្ភារ ថ្នាំកម្ចាត់សត្វល្អិតគ្រប់គ្រាន់ក្នុងការជួយអន្តរាគមន៍ពេលបងប្អូនជួបនូវបញ្ហា៕